(កណ្ដាល)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងអរិយក្សត្រ, ស្រុកខ្សាច់កណ្ដាល, ស្រុកល្វាឯម និងស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះសំណេះសំណាល និងហែក្បួនឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី ៧ នៅស្រុកល្វាឯម ខេត្តកណ្តាល ដែលមានសមាជិក-សមាជិកាចូលរួមប្រមាណ ៣ ០០០ នាក់។
ថ្លែងទៅកាន់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានចូលរួមក្នុងក្បួនឃោសនា, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានអំពាវនាវពលរដ្ឋម្ចាស់ឆ្នោត ទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ១៨ នៅលើសន្លឹកឆ្នោត ដើម្បីរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍបន្ថែមទៀត។
សមាជិក-សមាជិកាបក្សទាំងអស់មានវត្តមាននៅក្នុងពិធី បានប្រកាសគាំទ្រយ៉ាងពេញទំហឹងសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់នីតីកាលទី ៧ និងអាណត្តិបន្តបន្ទាប់ ព្រមទាំងបានប្រកាសគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី បន្តវេន សម្រាប់អនាគត។
បន្ទាប់ពីមានមតិសំណេះសំណាលរួច, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្តដឹកនាំហែក្បួនឃោសនាបោះឆ្នោតតាមឃុំនានាទូទាំងស្រុក និងបានជួបជាមួយសមាជិកគណបក្ស នៅតាមមណ្ឌលសកម្មភាពជាច្រើន នៅក្នុងស្រុកល្វាឯម ខេត្តកណ្តាល៕