(ភ្នំពេញ)៖ លោកបណ្ឌិត អ៉ិត សំហេង សមាជិកគណៈកម្មាធិការកណ្ដាល តំណាងរាស្រ្តមណ្ឌលភ្នំពេញ​ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន និងខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីសាខាគណបក្សចំណុះគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌចំការមន និងខណ្ឌបឹងកេងកង សរុប៦៧៣នាក់។

លោកបណ្ឌិត អ៉ិត សំហេង បានថ្លែងអំណរគុណចំពោះសមាជិក សមាជិកាគណបក្សគ្រប់ផ្នែកគ្រប់ផែននៅក្នុងខណ្ឌចំការមន និងខណ្ឌបឹងកេងកង ដែលតែងតែរក្សានិងពង្រឹងសាមគ្គីភាព ឯកភាព និងរួមគ្នាជាធ្លុងមួយគាំទ្រគណបក្សប្រជាជនកម្ពុជារហូតមក។ កត្តាទាំងនេះហើយដែលជួយឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះក្នុងការបោះឆ្នោតគ្រប់អាណត្តិ ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជាដើម។

លោកប្រធានក៏បានថ្លែងនូវការកោតសរសើរចំពោះសមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្ស ដោយពួកគាត់បានចូលរួមដង្ហែជាមួយសមាជិកគណបក្ស អ្នកខ្លះទៀតក៏បានចេញមកអបអរសាទរទទួលស្វាគមន៍ក្បូនឃោសនាបោះឆ្នោតនៅតាមដងផ្លូវទូទាំងខណ្ឌចំការមន និងខណ្ឌបឹងកេងកង ពោលគឺទាំងលើកទី១ លើកទី២ និងលើកទី៣ គឺពិតជាមានភាពកុះករមែនទែន។ នេះគឺបង្ហាញពីកម្លាំងគាំទ្រគណបក្សប្រជាជនកម្ពុជាដ៏ខ្លាំងក្លា និងជាក្ដីសង្ឃឹមសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដាខាងមុខនផងដែរ។

លោកបណ្ឌិតបានណែនាំដល់ក្រុមប្រឹក្សាខណ្ឌទាំង២ថា ទោះបីអំឡុងពេលនេះយើងរវល់នឹងយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះសេវាកម្មដែលត្រូវបម្រើជូនប្រជាពលរដ្ឋ គឺត្រូវតែបំពេញជូនប្រជាពលរដ្ឋឱ្យបានល្អ។ កម្មវិធីនយោបាយត្រូវបានរៀបចំបានយ៉ាងត្រឹមត្រូវហើយ ហើយក៏ឃោសនាជូនប្រជាពលរដ្ឋក្នុងយុទ្ធនាការឃោសបោះឆ្នោតនេះក៏កាន់តែទូលំទូលាយហើយដែរ ប៉ុន្តែក៏ទាមទារឱ្យការអនុវត្តនៅមូលដ្ឋានប្រព្រឹត្តទៅបានគ្រប់ជ្រុងជ្រោយជូនប្រជាពលរដ្ឋដែរ ដូច្នេះគ្រប់មន្ត្រីរាជការដែលបម្រើសេវាសាធារណៈត្រូវតែបំពេញកិច្ចកនេះឱ្យបានជាប់ជាប្រចាំ កុំឱ្យមានការថ្នាំងថ្នាក់ចំពោះប្រជាពលរដ្ឋឱ្យសោះ។ ធ្វើដូច្នេះបានល្អប្រសើរ ទើបជាជោគជ័យសម្រាប់គណបក្សប្រជាជនកម្ពុជា ដែលបានសន្យាចំពោះប្រជាពលរដ្ឋ។

លោកបណ្ឌិត អ៉ិត សំហេង ក៏មិនភ្លេចផ្ដាំផ្ញើឱ្យសមាជិក សមាជិកាគណបក្សត្រូវត្រៀមជាស្រេចនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬបើមិនទាន់មានទេ ឬបាត់ ឬខូច ក៏ត្រូវទៅស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ឱ្យបានទាន់ពេលវេលា ដើម្បីប្រើប្រាស់ក្នុងពេលទៅបោះឆ្នោត។

គួរជម្រាបថា គ.ជ.ប បានអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់អត្តសញ្ញាណប័ណ្ណដែលហួសសុពលភាពត្រឹមឆ្នាំ២០២២ និងឆ្នាំ២០២៣ យកទៅបោះឆ្នោតបាន។ ប្រសិនបើគ្មានអត្តសញ្ញាណប័ណ្ណ ឬបាត់ ឬខូច ឬហួសសុពលភាពមុនឆ្នាំ២០២២ ប្រជាពលរដ្ឋអ្នកបោះឆ្នោតអាចស្នើសុំ ឯ.អ ពី SEC រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ (យ៉ាងយូរត្រឹមម៉ោង៥ល្ងាច)។

លោកប្រធាន អ៉ិត សំហេង បានជំរុញឱ្យសមាជិកបក្សទាំង៦៧៣នាក់ខាងលើ ប្រកាន់នូវស្មារតីជ័យជម្នះសម្រាប់គណបក្សប្រជាជនកម្ពុជាឱ្យបានមុតមាំ និងត្រូវចូលរួមគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្ត និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត៕