(ព្រែកប្រសព្វ-ក្រចេះ)៖ នៅថ្ងៃព្រឹកទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិព្រែកប្រសព្វកណ្តាល ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ រួមជាមួយគណបក្សខេត្ត ថ្នាក់ដឹកនាំ មន្ត្រីគ្រប់លំដាប់ថ្នាក់ និងសកម្មជនគណបក្សបានបន្តដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំឆ្ពោះទៅកាន់ការបោះឆ្នោតជាតិនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ ខាងមុខ។
ថ្លែងមតិទៅកាន់ពិធីមិទ្ទិញយុទ្ធនាការឃោសនាបោះឆ្នោត មានអ្នកចូលរួមប្រមាណប្រមាណ៨ពាន់នាក់ដែលជាសកម្មជនគណបក្ស និងជាតំណាងប្រជាពលរដ្ឋតាមគ្រប់ខ្នងផ្ទះមកពីឃុំទាំង៨ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ លោក ព្រុំ សុខា ដែលជាបេក្ខជនលំដាប់លេខរៀងទី១របស់គណបក្សប្រជាជនកម្ពុជាសម្រាប់មណ្ឌលខេត្តក្រចេះ បានគូសបញ្ជាក់សង្កត់ធ្ងន់ថា៖ សុខសន្តិភាពដែលយើងមានសព្វថ្ងៃ ដោយ សារមនុញ្ញផលនៃនយោបាយ ឈ្នះ ឈ្នះ និងការបញ្ចប់សង្គ្រាមរបស់សម្តេចតេជោហ៊ុន សែន និងការចូលរួមលះបង់ដ៏ធំធេងមហិមារបស់ប្រជាជនកម្ពុជា ដើម្បីបុព្វហេតុសន្តិភាព វឌ្ឍនភាព និងវិបុលភាពសម្រាប់មាតុភូមិនិងប្រជាជនកម្ពុជាតាំងពីដើមរៀងមកដល់បច្ចុប្បន្ន និងទៅអនាគតគ្រប់ជំនាន់ជាដរាបយូរអង្វែងតទៅ។
ថ្លែងមតិជាបន្តបន្ទាប់បំពេញបន្ថែមលើខ្លឹមសារនយោបាយរបស់លោក ព្រុំ សុខា ក្រុមការងារខេត្តក្រចេះ លោកសាស្ត្រាចារ្យបណ្ឌិត ធុយ ចាន់ធួន បានរំលឹកឡើងវិញពីប្រវត្តិសាស្ត្ររុងរឿងនៃខេត្តក្រចេះជាពិសេសស្រុកព្រែកប្រសព្វផ្ទាល់។ ជាបន្តលោកស្រី ប្រាក់ ចន្ថា អតីតអគ្គលេខាធិការរងគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាអតីតសមាជិកអចិន្ត្រៃយ៍គណបក្សខ្មែររួបរួមជាតិ បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងមុខងារសាធាណៈបានឡើងថ្លែងមតិបន្ថែមពីកេរ្តិ៍ដំណែលដ៏ថ្លៃថ្លារបស់មគ្គុទ្ទេសឯកសម្តេចតេជោ ហ៊ុន សែន ពោលគឺអ្វីៗទាំងអស់ដែលទឹកដីនិងប្រជាជនកម្ពុជាមាននៅថ្ងៃនេះគឺជាមរតកតេជោសន្តិភាព។ ដោយឡែកលោក សឿ សុភី អតីតសមាជិកគណៈកម្មាធិការនាយកគណបក្សភ្លើងទៀនខេត្តក្រចេះ បានបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋម្ចាស់ឆ្នោត ដែលធ្លាប់រួមការងារពីអតីតកាលឱ្យងាកមកគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេ្ទសក៍ជាតិដ៏អស្ចារ្យសម្រាប់សុខសន្តិភាព និងអនាគតរុងរឿងរបស់កូនចៅយើងគ្រប់ជំនាន់តរៀងទៅ។
ថ្លែងបញ្ចប់ពិធីយុទ្ធនាការបោះឆ្នោតទ្រង់ទ្រាយធំនេះប្រធានក្រុមការងារខេត្តក្រចេះលោក ព្រុំ សុខា បានសំណូមពរដល់អ្នកចូលរួមទាំងអស់ត្រូវនាំសារនយោបាយទៅជូបផ្ទាល់ជាមួយអ្នកបោះឆ្នោតតាមខ្នងផ្ទះ និងបន្តបង្រៀនពួកគាត់ឱ្យចេះគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរួមទប់ស្កាត់ និងកាច់បំបាក់ឱ្យបានទាន់ពេលវេលានូវឧបាយកលទុច្ចរិតរបស់ពួកអគតិជ្រុលនិយម ដែលប៉ុនប៉ងបំផ្លាញការបោះឆ្នោត និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕