(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញពិនិត្យ អំពីស្ថានភាពលក់ដូររបស់អាជីវករផ្សារបឹងកុក ក្រុងកំពង់ចាម និងបង្រៀនឲ្យពួកគាត់ចេះគូសសន្លឹកឆ្នោត ឲ្យបានត្រឹមត្រូវផងដែរ។
ស្ថិតក្នុងឱកាសជួបជាមួយអាជីវករផ្សារបឹងកុក ប្រកបដោយភាពស្និទ្ធស្នាលនោះ លោក អ៊ុន ចាន់ដា បានប្រាប់ទៅអាជីវករផងដែរថា គណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាព និងបានបន្តជំរុញការអភិវឌ្ឍប្រទេសជាតិ គិតគូរអំពីសុខទុក្ខ និងសុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការផ្តល់នូវជំនួយផ្នែកគាំពារសង្គម។
លោកបន្ដថា ជាក់ស្តែងនៅក្នុងខេត្តកំពង់ចាម តាមមូលដ្ឋានឃុំ សង្កាត់ ដែលពីមុនពុំធ្លាប់មានសោះ ឥឡូវត្រូវបានអភិវឌ្ឍន៍មានដូចជា ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព ប្រព័ន្ធទឹក ភ្លើង រោងចក្រ សហគ្រាស និងសមិទ្ធផលនានាជាច្រើនទៀត ដែលបម្រើឱ្យផលប្រយោជន៍ ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោក អ៊ុន ចាន់ដា ក៏បានអំពាវនាវឲ្យបងប្អូនអាជីវករផ្សារបឹងកុកទាំងអស់ អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» មានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងសូមគូសលើសន្លឹកឆ្នោត ឲ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោតបងប្អូនផងដែរ។
សូមបញ្ជាក់ថា ផ្សារបឹងកុក ក្នុងក្រុងកំពង់ចាម ត្រូវបានអាជ្ញាធរខេត្ត បានជួសជុល និងសាងសង់ដំបូលថ្មីជូនគណៈអាជីវករ និងអាជីវករផ្សារសម្រាប់ឲ្យពួកគាត់ងាយស្រួល ប្រកបរបរអាជីវកម្មក្នុងផ្សារនោះផងដែរ និងជាទិសដៅដើម្បីឲ្យពួកគាត់បានពង្រីកអាជីវកម្ម បង្កើនចំណូល លើកកម្ពស់កម្រិតជីវភាពនៅក្នុងគ្រួសារ៕