(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី អនុប្រធានទី០១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានលើកឡើងថា «ការបោះឆ្នោត១ សន្លឹកជូនគណបក្សប្រជាជន គឺនឹងធានានូវ អ្វីដែលយើងមានរាល់ថ្ងៃ និងការពារអត្ថប្រយោជន៍ របស់ក្រុមគ្រួសារបងប្អូនទាំងអស់គ្នា»។
ការលើកឡើងបែបនេះរបស់លោក ហ៊ុន ម៉ានី បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រុមការងារចុះជួយ ឃុំ ស្រុក ខេត្ត និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំស្គុះជាច្រើននាក់។
ក្នុងជំនួបនាឱកាសនោះ លោក ហ៊ុន ម៉ានី បានរំឮកពីឯកសារ និងចំណុចមួយចំនួនដែលបងប្អូនប្រជាពលរដ្ឋគប្បីត្រៀមដើម្បីឆ្ពោះទៅកាន់ថ្ងៃបោះឆ្នោតក្នុងនោះរួមមាន៖ (១) ឯកសារដែលត្រូវកាន់យកទៅបោះឆ្នោត មានតែពីរគត់គឺ អត្តសញ្ញាណប័ណ្ឌសញ្ញាតិខ្មែរ (អ.ខ) ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត (ឯ. អ) (២) ព័ត៌មានពាក់ព័ន្ធ ដូចជាពេលវេលា ថ្ងៃត្រូវបោះឆ្នោត រួមទាំងអ្វីដែលត្រូវហាមឃាត់មិនអាចចូលបោះឆ្នោតបានជាដើម (៣) សូមបងប្អូនប្រជាពលរដ្ឋរៀនគូសសន្លឹកឆ្នោតគំរូឱ្យបានទាំងអស់គ្នា។
លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា រយៈពេល ៤៤ឆ្នាំក្រោយនេះ តាមការដឹកនាំរបស់គណបក្សប្រជាជន «កម្ពុជាបច្ចុប្បន្នមិនមែនកម្ពុជាក្នុងអតីតកាលនោះទេ»។ ការចាប់ផ្តើមពីបាតដៃទទេរ រហូតមកយើងមានសមត្ថភាពដឹកនាំកិច្ចប្រជុំធំៗ រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍។
ជាមួយគ្នានេះ ក្នុងក្រមខណ្ឌខេត្តកំពង់ស្ពឺ លោកសូមចូលរួមអបអរសាទរអ្នកខេត្តកំពង់ស្ពឺ ដែលបានឈ្នះមេដាយ កាលពីការប្រកួតកីឡាស៊ីហ្គេមកន្លងទៅផងដែរ។
ទន្ទឹមនឹងនេះ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ផងដែរថា ស្របជាមួយកម្មវិធីនយោបាយរបស់បក្ស ខេត្តកំពង់ស្ពឺ ជាខេត្តទី២ ដែលមានរោងចក្រច្រើន និងបង្កើតឱកាសការងារច្រើនជាងគេ ដែលបងប្អូនកម្មករ កម្មការិនីអាចទទួលបានប្រាក់ចំណូល និងមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅប្រកបការងារផងដែរ។
ឆ្លៀតក្នុងឱកាសនៃជំនួបនាព្រឹកនេះ អ្នកតំណាងរាស្ត្រ បានអញ្ជើញលោកយាយ លោកតា ពុក ម៉ែ មាមីង បងប្អូនទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ សូមបងប្អូនចេញទៅបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា៕