(ភ្នំពេញ)៖ អ្នកការពារសិទ្ធមនុស្សនៅកម្ពុជា លោកស្រី ពុង ឈីវកេក ត្រូវបានរដ្ឋាភិបាលបារាំងបំពាក់គ្រឿងឥស្សរិយយស «ឡាឡេស្យុងដោនើរ (La Légion d’Honneur)» ថ្នាក់អស្សឫទ្ធិ បន្ទាប់ពីលោកស្រីត្រូវបានគេមើលឃើញថា ជាបុគ្គលមានឥទិ្ធពល និង ទទួលបានការគោរពក្នុងចំណោម សមាជិកអង្គការសង្គមស៊ីវិលនៅកម្ពុជា។
គ្រឿងឥស្សរិយយសនេះត្រូវបានបំពាក់ដោយ លោកហ្សង់ក្លូដ ពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៦ម្សិលមិញនេះ។ គ្រឿងឥស្សរិយយស «ឡាឡេស្យុងដោនើរ» ជាគ្រឿងឥស្សរិយយស ដ៏ឧត្តុង្គឧត្តមបំផុតរបស់ប្រទេសបារាំង ដែលត្រូវបានបង្កើតឡើងដោយព្រះចៅ ណាប៉ូឡេអុង បូណាប៉ាត នៅឆ្នាំ១៨០២។
លោកហ្សង់ក្លូដ ពាំបឺហ្វ បានបញ្ជាក់បន្តថា ការបំពាក់គ្រឿងឥស្សរិយយសឡាឡេស្យុងដោនើរ ដល់លោកស្រី ពុង ឈីវកេក គឺជាសក្ខីភាពនៃការកោតសរសើរ របស់ប្រទេសបារាំង ចំពោះតួនាទីរបស់លោកស្រី ក្នុងដំណើរការផ្សះផ្សារជាតិ និងការរួមចំណែកពង្រឹងសិទ្ធិមនុស្សនៅកម្ពុជា។ ប្រទេសបារាំង មានមោទនភាពក្នុងការគាំទ្រ និងបន្តគាំទ្រអង្គការសង្គមស៊ីវិល ដែលដើរតួនាទីសំខាន់ក្នុងការ អភិវឌ្ឍសង្គម សេដ្ឋកិច្ច និងប្រជាធិបតេយ្យនៅកម្ពុជា។
គួរបញ្ជាក់ថា លោកស្រីពុង ឈីវកេក បានបញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្រ្ត នៅប្រទេសបារាំងហើយវិលត្រលប់មកកម្ពុជាវិញ នៅឆ្នាំ១៩៦៨ ដើម្បីបំពេញការងារនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ នៅឆ្នាំ១៩៧១ លោកស្រីបាននិរទេសខ្លួនពីកម្ពុជា ទៅកាន់ប្រទេសបារាំង ដែលនៅទីនោះ លោកស្រីបានដើរតួនាទីសំខាន់ ក្នុងដំណើរការផ្សះផ្សារជាតិកម្ពុជា។
លោកស្រី ជាអ្នកចូលរួមផ្តួចផ្តើមរៀបចំឲ្យមានជំនួបដំបូងៗរវាងព្រះអង្គម្ចាស់សីហនុ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតំបន់ Fère-en-Tardenois នៃប្រទេសបារាំងកាលពីឆ្នាំ ១៩៨៧។ ជំនួបទាំងនោះ ជាដំណាក់កាលដំបូងនៃដំណើរការចរចារ ដែលឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ឆ្នាំ១៩៩១ដែលខួប២៥ឆ្នាំ នឹងត្រូវប្រារពធ្វើនៅឆ្នាំនេះ។
បន្ទាប់ពីការចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីស លោកស្រី ពុង ឈីវកេក បានបង្កើតអង្គការលីកាដូ ដែលមិនយូរប៉ុន្មានបានក្លាយទៅជា អង្គការក្រៅរដ្ឋាភិបាលមួយលេចធ្លោ ក្នុងការការពារសិទ្ធិមនុស្ស នៅកម្ពុជា។ អង្គការលីកាដូធ្វើសកម្មភាពជាច្រើន ក្នុងការផ្តល់ជំនួយផ្នែកមនុស្សធម៌ និងជំនួយផ្នែកវេជ្ជសាស្រ្ត ដល់អ្នកជាប់ពន្ធនាគារ ក៏ដូចជាការការពារសិទ្ធិជាមូលដ្ឋាន និងការឃ្លាំមើលការបោះឆ្នោត។ អស់រយៈពេលជាង ២០ឆ្នាំហើយ ដែលអង្គការនេះបានរួមចំណែក ពង្រឹងនីតិរដ្ឋ និងជួយជនងាយរងគ្រោះនៅកម្ពុជា៕