(បន្ទាយមានជ័យ)៖ ថ្ងៃទី១៦ ខែកក្កដា  ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីសំណេះសំណាលជាមួយ សមាជិកគណបក្សប្រជាជនកម្ពុជា នៃគណៈកម្មាធិការគណបក្សមូលដ្ឋាន មន្ទីរសុខាភិបាល មន្ទីរអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានសិក្សាទូទាំងខេត្តបន្ទាយមានជ័យ ចំថ្ងៃទី១៦នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលមានអ្នកចូលរួមជាង២០០០នាក់។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ថ្នាក់ដឹកនាំគណបក្សពិសេសសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរថ្នាក់ដឹកនាំ និងសមាជិកគណបក្សមូលដ្ឋានមន្ទីរសុខាភិបាល មន្ទីរអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានសិក្សាដែលចូលរួមចំណែកយ៉ាងសំខាន់ ជួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈពិសេស គ្រាដ៏លំបាកបំផុតនៃជំងឺរាតត្បាតកូវីដ-១៩ និងបានផ្តល់ជំនឿជឿជាក់គាំទ្រលើគោលមាគ៌ា ដឹកនាំរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គ្រប់សម័យកាលបោះឆ្នោត ។

ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកើតឡើងដោយសារប្រជាជន ពលិកម្មរាល់អ្វីៗទាំងអស់ដើម្បីប្រជាជនរួមសុខរួមទុក្ខ ជាមួយប្រជាជននៅគ្រប់កាលៈទេសៈ បានពង្រីកមុខរបរជូនប្រជាជន ផ្តល់ជូនប្រជាជនក្រីក្រ ឬអ្នកខ្វះខាតអាចទទួលបានសេវាពិនិត្យព្យាបាលជំងឺ ដោយឥតបង់ថ្លៃនៅតាមមូលដ្ឋានសុខាភិបាល មណ្ឌលសុខភាព-មន្ទីរពេទ្យរដ្ឋ អភិវឌ្ឍនិងពង្រឹងប្រព័ន្ធគាំពារសង្គម បង្កើតអគារសិក្សាគ្រប់ស្រុកមានវិទ្យាល័យ គ្រប់ឃុំមានអនុវិទ្យាល័យ តាមភូមិមានសាលាបឋមសិក្សា បង្កើនប្រាក់សោធនដល់និវត្តន៍ជន ជម្រុញអនុវត្តរបបសោធននិវត្តក្នុងវិស័យឯកជន អនុវត្តការបែងចែកដីជូនគ្រួសារកសិករក្រីក្រដែលគ្មានដីសម្រាប់សង់លំនៅដ្ឋាននិងបង្កបង្កើនផល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ជាមួយគ្នានោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្ថែមដោយអំពាវនាវដល់បងប្អូនជនរួមជាតិ សមាជិកគណបក្សប្រជាជននិងប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសំគាល់ និងមានលេខរៀងទី១៨ ក្នងសន្លឹកឆ្នោតឲ្យបានគ្រប់ៗគ្នា នៅតាមការិយាល័យបោះឆ្នោតក្នុងភូមិ ឃុំ សង្កាត់របស់ខ្លួនកុំបីអាក់ខាន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីជ្រើសតាំង សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចកាន់តែខ្លាំងក្លា ប្រជាជនមានជីវភាព កាន់តែធូរធារនិងបន្តមិនយកពន្ធលើដីកសិកម្មរបស់កសិករ ដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ៕