(ត្បូងឃ្មុំ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំការហែក្បួនលើកទី៣ នៅក្នុងយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧នៃរដ្ឋសភា នៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងនោះ ក៏មានការចូលរួមពីលោក ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ, លោក ថេង ច័ន្ទសង្វារ ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកត្បូងឃ្មុំ លោក លោកស្រី ជាបេក្ខជនតំណាងរាស្រ្ត មណ្ឌលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំ និងសមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋាន តាមបណ្តាឃុំទាំង១៤ ព្រមទាំងគណបក្សមូលដ្ឋានសាខាបក្ស និងសកម្មជនគណបក្សប្រមាណជិត១០០០០នាក់ រថយន្តប្រមាណជាង ៤០០គ្រឿង ម៉ូតូជាង២,០០០គ្រឿង។
ក្បួនដង្ហែមានចាក់បទចម្រៀងពិរោះៗ សារនយោបាយរបស់គណបក្ស និងការស្រែក ជ័យឃោស កងរំពង គាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខជន នាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។
នៅតាមដងផ្លូវ គេក៏សង្កេតឃើញមានប្រជាពលរដ្ឋ ក្នុងទឹកមុខសប្បាយរីករាយ ឈរទទួលស្វាគមន៍ គ្រវីទង់ជាតិ និងទង់គណបក្ស ស្រែកហ៊ោកញ្ជ្រៀវ អបអរសាទរ ក្បួនដង្ហែរបស់គណបក្សប្រជាជនកម្ពុជា ប្រកបដោយមនោសញ្ចេតនា រាក់ទាក់និងសោមនស្សក្រៃលែង៕