(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឃើញការផ្សព្វផ្សាយព័ត៌មាន ដែលសរសេរអត្ថបទមានចំណងជើងថា «មេឈ្មួញជើងខ្លាំងប្រចាំស្រុករមាសហែក សម្រុកដឹកជញ្ជូនឈើត្រសរមូលរត់ពន្ធយកទៅលក់នៅស្រុកយួន តាមច្រករបៀងប៉ុស្តិ៍នគរបាលខ្សែដែក បានយ៉ាងរលូន សមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់»

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឲ្យដឹងថា តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឲ្យដឹងថា នៅវេលាម៉ោង១០៖៣០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានគេយកឈើមកទម្លាក់ទុក នៅក្នុងចំការកៅស៊ូ ស្ថិតនៅភូមិតាសេក ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្រោយពីទទួលព័ត៌មានភ្លាម បានបញ្ជាកម្លាំងជំនាញនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើរមាសហែក និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានទៅដល់ទីតាំង រកឃើញឈើសសរមូល ប្រភេទឈើ កកោះ ចំនួន ១៤ដើម និងតុក្តា ចំនួន១០គ្រាប់។

លុះនៅវេលាម៉ោង១៥​៖៣៧នាទី ថ្ងៃខែ ឆ្នាំ ដដែល កម្លាំងសមត្ថកិច្ច បានឃើញរថយន្ត១គ្រឿងម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A 1949  ដែលបានចតនៅផ្ទះរបស់ប្រជាពលរដ្ឋឈ្មោះ អ៊ុក សឿន ភេទប្រុស ដែលមានចម្ងាយ៥០០ម៉ែត្រពីទីកន្លែងទម្លាក់ឈើ ដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញា សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យរថយន្តខាងលើ រកឃើញឈើ សសរមូល ប្រភេទឈើ កកោះ ចំនួន១០ដើមបន្ថែមទៀត។ ជំនាញបានកសាងសំណុំរឿងបញ្ជូន ទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀងតាមនីតិវិធី៕