(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋខ្មែរឥស្លាម រស់នៅភូមិថ្មី ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ បានប្តេជ្ញាគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ១០០ភាគរយ នៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីសម្តែងនូវការដឹងគុណ និងអរគុណដល់គណបក្សនេះ ដែលបានរំដោះពួកគេចេញពីរបបប្រល័យពូជន៍សាសន៍ប៉ុលពត ធ្វើឱ្យប្រទេសជាតិមានភាពសុខសាន្ត ជាពិសេសសុខដុមរមនាខាងសាសនា។

ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងនៅក្នុងឱកាសដែលលោក ឈុំ សុជាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសមាជិកក្រុមការងាររដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារ ជួបសំណេះសំណាល និងបង្ហាញអំពីរបៀបគូសសន្លឹកឆ្នោត ដល់ប្រជាពលរដ្ឋនៅភូមិថ្មី ឃុំ រំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលពួកគេភាគច្រើនជាប្រជាពលរដ្ឋខ្មែរឥស្លាម នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ ដែលជាថ្ងៃទី១៦ នៃយុទ្ធនាការឃោសនាបោះឆ្នោត។

លោក ឈុំ សុជាត បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាគណបក្សមានភាពចាស់ទុំ តែងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ហើយមិនដែលបោះបង់ប្រជាពលរដ្ឋនោះឡើយ ដែលគ្រប់សាសនាទាំងអស់អាចរស់នៅសុខសាន្ត ក្រោមដំបូលសន្តិភាពពេញលេញមិនធ្លាប់មាន។

នាយឧត្តមសេនីយ៍ បានរំលឹកថា ក្នុងពេលដែលប្រជាជនខ្មែររងគ្រោះដោយការកាប់សម្លាប់ពីរបបប្រល័យពូជសាសន៍ប៉ុលពត គណបក្សប្រជាជនកម្ពុជា រួមសាមគ្គីជាមួយប្រជាពលរដ្ឋ រំដោះប្រជាពលរដ្ឋឱ្យរស់រានមានជីវិតជាថ្មី ក្នុងនោះក៏មានប្រជាពលរដ្ឋខ្មែរឥស្លាមផងដែរ។ បន្ថែមពីនេះ ដើម្បីភាពសុខសាន្ត និងការ​បង្រួបង្រួមជាតិ មេដឹកនាំគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវនយោបាយឈ្នឈ្នះ ដោយបញ្ចប់ទាំងស្រុងនូវជម្លោះប្រដាប់អាវុធរវាងខ្មែរនិងខ្មែរ ធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ។ បន្ថែមពីនេះទៀត រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ ដើម្បីស្តារ និងអភិវឌ្ឍប្រទេស រួមទាំងជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

លោកបានបន្ថែមទៀតថា អំឡុងពេលដែលកម្ពុជា និងពិភពលោក រងនូវការរីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយភាពឈ្លាសវៃ បានដាក់ចេញនូវគោលនយោបាយវ៉ាក់សាំង និងស្វែងរកវ៉ាក់សាំងពីគ្រប់ទិសទី ដើម្បីចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃ ធ្វើឱ្យអត្រាឆ្លង និងស្លាប់ដោយជំងឺនេះនៅកម្ពុជាមានចំនួនតិចបំផុត បើប្រៀបទៅនឹងអត្រាឆ្លង និងស្លាប់ននៅក្នុងតំបន់ និងពិភពលោក។

នៅក្នុងឱកាសនោះ ប្រជាពលរដ្ឋនៅភូមិថ្មី ឃុំ រំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ បានសម្តែងភាពរីករាយ និងថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ។ ប្រជាពលរដ្ឋ បានប្តេជ្ញាគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍប្រទេសជាតិនៅក្នុងអាណត្តិថ្មីជាបន្ត។ បន្ថែមពីនេះ ប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើនេះ បានប្រកាសគាំទ្រ សម្តចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត៕