(ចិត្របុរី-ក្រចេះ)៖ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះបានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសាលាបឋមសិក្សាមួយខ្នង មាន ៥បន្ទប់ដែលសិ្ថតនៅភូមិល្អ ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមាន ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួង រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តក្រចេះ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមជិត ៧០០នាក់។
ថ្លែងក្នុងពិធីប្រពៃណីនេះលោក ព្រុំ សុខា ដែលជាអ្នកផ្តួចផ្តើមធ្វើបុណ្យផ្ការស្មីសាមគ្គីដើម្បីប្រមូលបច្ច័យមកសាងសង់អគារសិក្សាមួយខ្នងមាន ៥បន្ទប់នៅសាលាបឋមសិក្សាល្អនេះ លោកបានបញ្ជាក់យ៉ាងច្បាស់ថា មូលហេតុដែលលោករួមជាមួយរដ្ឋបាលខេត្តក្រចេះ និងសហការីទាំងអស់រៀបចំពិធីបុណ្យផ្ការស្មីសាមគ្គីនេះឡើង ដោយសារតែបានឃើញភាពខ្វះខាតអគារសិក្សាសម្រាប់សិស្សានុសិស្សនៅតំបន់ក្រីក្រ មួយនេះក្រោយពេលដែលលោក និងក្រុមការងារបានមកដល់ទីនេះតាំងពីចុងឆ្នាំ២០២០មកម្ល៉េះ ពេលនោះភូមិល្អនេះនៅមិនទាន់បានរៀបចំបង្កើតជាភូមិផ្លូវការសម្រាប់ការគ្រប់គ្រងរដ្ឋបាលនៅឡើយទេ។
លោករដ្ឋមន្រ្តី ព្រុំ សុខា បានលើកឡើងថា យើងអាចធ្វើបុណ្យប្រមូលបច្ច័យបែបនេះនៅថ្ងៃនេះបាន គឺដោយសារប្រទេសយើងបានបញ្ចប់សង្រ្គាមជាស្ថាពរ មានសុខសន្តិភាពពេញបរិបូរណ៍ ព្រោះបើមានសង្រ្គាម កុំថាឡើយសាលារៀនដែលយើងមិនអាចការពារ ឬកសាងបាន សូម្បីតែអាយុជីវិតរបស់យើងក៏ពិបាករក្សាការពារ និងរស់រានបានដែរ នេះគឺជាសច្ចភាពមេរៀនប្រវត្តិសាស្រ្ត។ ហេតុនេះយើងទាំងអស់គ្នាត្រូវបន្តរួបរួមសាមគ្គីគ្នាដើម្បីរក្សាសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពដូចដែលរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបាននិងកំពុងខិតខំធ្វើនាពេលកន្លងមកដល់បច្ចុប្បន្ន ដើម្បីអនាគតរុងរឿងថ្កុំថ្កើងរបស់កូនចៅយើងគ្រប់ជំនាន់តរៀងទៅ។
ក្នុងឱកាសនោះដែរលោក ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តជ្រះថ្លារបស់សប្បុរសជននៅទូទាំងប្រទេសដែលបានរួមវិភាគទានចូលបច្ច័យកសាងអគារសិក្សាមួយខ្នងនៅភូមិល្អ ដែលនេះជាកម្លាំងសាមគ្គីកសាងសមិទ្ធផលជូនសង្គមជាតិប្រមូលបានថវិកាគ្រប់គ្រាន់ដែលអនុញ្ញាតឲ្យតំណើរការសាងសង់ចាប់ផ្តើមនិងបញ្ចប់រយៈពេល៦ខែខាងមុខនេះដោយអនុលោម តាមស្តង់ដាវិទ្យាល័យព្រះស៊ីសុវត្ថិរាជធានីភ្នំពេញ៕