(កំពង់ធំ)៖ រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ លោក សាយ គឹមឡម ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង បាននាំយកអំណោយជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះរលំផ្ទះ និងរបើកជញ្ជាំង ដំបូលដោយសារខ្យល់កន្ត្រាក់នៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។
លោកបានថ្លែងការចូលរួមសោកស្ដាយចំពោះការបាត់បង់ខូចខាតទ្រព្យសម្បត្តិដោយសារខ្យល់កន្ត្រាក់នេះ។
លោកបានអំពាវនាវបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឲ្យបានខ្ពស់ ក្នុងការការពារក៏ដូចជាបញ្ជៀសពីបាតុភូតខ្យល់កន្ត្រាក់ភ្លៀងរលឹម ផ្គររន្ទះនិងបាតុភូតផ្សេងៗជាដើម។
លោកក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្ដាយពីសំណាក់លោក ងួន រតនៈ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកតែងតែមានការយកចិត្តទុកដាក់ខ្ពស់ដល់សុខុមាលភាពបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈជាពិសេសនៅក្នុងគ្រាមានលំបាកផ្សេងៗ។
លោកបានណែនាំដល់អាជ្ញាធរមូលដ្ឋាន សូមបន្តការយកចិត្តទុកដាក់ដល់សុខុមាលភាព និងទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនៅក្នុងគ្រាលំបាក។
ក្នុងឱកាសនោះ លោកប្រធានអនុសាខា និងបាននាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ព្រមទាំងថវិកាប្រគល់ជូនដល់បងប្អូនជនរងគ្រោះទាំង ៨គ្រួសារ និងបានបានឆ្លៀតទៅសួរសុខទុក្ខរំលែកមរណ:ទុក្ខគ្រួសារសពលោក ពន ប៉ាយ អាយុ៣៩ឆ្នាំ ដែលបានទទួលមរភាពដោយសារខ្សែភ្លើងឆក់កាលពីព្រឹកមិញនេះផងដែរ៕