(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ និងក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្តល់ជូនលោកអនុសេនីយ៍ឯក សៀម ថា អត្តលេខ២៩២៧៦ នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលឈូក នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ មានជំងឺលើសសម្ពាធឈាមធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅផ្ទះស្ថិតក្នុងភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ រសៀលថ្ងៃទី១៥ ខែកក្តដា ឆ្នាំ ២០២៣។
ក្នុងការសាកសួរសុខទុក្ខនេះ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលជានិច្ចកាលនាយឧត្តមសេនីយ៍តែងតែយកចិត្តទុកដាក់ និងក្តីអាណិតស្រឡាញ់ចំពោះមន្ត្រីក្រោមឱវាទ ពិសេសការលើកទឹកចិត្តដល់ពួកគាត់ដោយចុះសួរសុខទុកមិនឲ្យមន្ត្រីណាម្នាក់នៅឯកការនោះទេ។
លោកឧត្តមសេនីយ៍ ម៉ែន លី បានផ្តាំផ្ញើដល់លោកអនុសេនីយ៍ឯក សៀម ថា សូមឲ្យយកចិត្តទុកដាក់ថែទាំសុខភាពរបស់ខ្លួន ពោលគឺត្រូវរស់នៅស្អាត ញ៉ាំស្អាត ផឹកស្អាត បើមានបញ្ហាអ្វីសូមយកគាត់ទៅកាន់មន្ទីរពេទ្យជាបន្ទាន់ និងរាយការណ៍មកអធិការស្រុក ដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា។
លោកស្នងការ បានណែនាំដល់មន្ត្រីទាំងអស់ឲ្យថែទាំសុខភាពឲ្យបានល្អ ជាពិសេសប្រាប់ឲ្យមន្ត្រីរួមការងារទាំងអស់ ចំណាយពេលខ្លះមកសួរសុខទុក្ខគាត់ ចៀសវាងទុកគាត់ឲ្យនៅឯការម្នាក់ឯង ស្របពេលដែលគាត់កំពុងមានជំងឺ ហើយការចុះសួរសុខទុក្ខដោយផ្ទាល់នេះ ធ្វើឲ្យមន្ត្រីកំពុងសម្រាកព្យាបាលជំងឺមានអារម្មណ៍ និងទឹកចិត្តសប្បាយរីករាយអាចបានធូរស្រាលពីជម្ងឺមួយកម្រិតផងដែរ។
ក្នុងឱកាសនោះ ក្រុមគ្រួសារអនុសេនីយ៍ឯក សៀម ថា ក៏បានគោរព និងថ្លែងអំណរគុណចំពោះនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន និងស្នងការខេត្ត ព្រមទាំងថ្នាក់ដឹកនាំគ្រប់ថ្នាក់ដែលតែងតែយកចិត្តទុក្ខដាក់មន្ត្រីក្រោមឱវាទ ជាពិសេសនៅពេលដែលមន្ត្រីនគរបាលមានជម្ងឺមិនថាបុរស ឬស្ត្រី លោកតែងតែយកចិត្តទុក្ខដាក់គ្រប់ពេល។
សូមបញ្ជាក់ថា កន្លងមកលោកអធិការនគរបាលស្រុកប្រាសាទសំបូរ បានដឹកនាំមន្រ្តីក្រោមឱវាទចុះសួរសុខទុក្ខជាបន្តបន្ទាប់ចំនួន៧ដងរួចមកហើយ។
ការចុះសួរសុខទុក្ខលោកឧត្តមសេនីយ៍ ម៉ែន លី បាននាំយកអំណោយរួមមាន៖ ថវិកា ៤លានរៀល អង្ករ១០០kg មី ៣កេស ត្រីខ ៣ កេស ទឹកត្រី ៣ យួរ ទឹកស៊ីអ៊ីវ ៣ យួរ ទឹកដោះគោ ៥ យួរ ទឹកផ្លែឈើ ៣ កេស និងទឹកសុទ្ធ ៥ កេស ។ ដោយសរុបថវិកាមានចំនួន ៥.២៣០.០០០ រៀល៕