(ភ្នំពេញ)៖ នារសៀលថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣ លោក លី ឆេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ បានបន្តអញ្ជើញដឹកនាំដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ លើកទី៣ ក្នុងមូលដ្ឋានសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ចូលរួមប្រមាណ ៥០០នាក់។

បន្ទាប់មក លោកបណ្ឌិត ក៏បានអញ្ជើញសមាជិក-សមាជិកាទាំងអស់ ពិសាអាហារនៅទីស្នាក់ការគណបក្សសង្កាត់ស្ពានថ្ម រួចបានបន្តអញ្ជើញរាំលេងកម្សាន្តជាមួយសមាជិក-សមាជិកា និងប្រជាជននៃខណ្ឌដង្កោ ដែលសម្តែងដោយក្រុមតន្ត្រីនាយក្រឹម រហូតដល់យប់ផងដែរ។

ក្នុងឱកាសនោះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។ ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» មានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងសូមគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃ នៃសន្លឹកឆ្នោត ស្របតាមទិសស្លោក "សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសំឡេង គឺដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍ និងអនាគតកូនចៅជំនាន់ក្រោយ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ៕