(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ លោក ថេង ច័ន្ទសង្វារ អនុប្រធានយុវជន គណបក្សថ្នាក់កណ្ដាល និងជាប្រធាន ក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកត្បូងឃ្មុំ បានបន្តអញ្ជើញផ្សព្វផ្សាយ គោលនយោបាយគណបក្ស និងណែនាំពីរបៀបគូស សន្លឹកឆ្នោត ឱ្យបានត្រឹមត្រូវ ដែលមានលេខរៀងទី១៨ នៃសន្លឹកឆ្នោត ជូនសមាជិកបក្សនៅភូមិកំពង់ឫស្សី ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លោកប្រធានបាន រំលឹកពីប្រវត្តិនៃកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍសមិទ្ធ​ផលសេដ្ឋកិច្ចនិង សង្គមនៅក្នុងប្រទេសកម្ពុជា រួមមាន ផ្លូវថ្នល់ ស្ពាន សាលារៀន វត្តអារាម ។ល។ ជាពិសេសសមិទ្ធផល “សន្តិភាព” ដែលកម្ពុជាមានសព្វថ្ងៃនេះ ត្រូវបានកសាងដោយគណបក្សប្រជាជនកម្ពុជាតែមួយគត់ តាំងពីការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ រហូតដល់អាចធានាបានស្ថិរភាពនយោបាយ ដែលជាកម្លាំងចលកររុញច្រានប្រទេសកម្ពុជាឱ្យរីកចម្រើនដូចសព្វថ្ងៃបាន។ គុណតម្លៃនៃសន្តិភាពនេះមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ។ ហេតុដូច្នេះ សមាជិកគណបក្សប្រជាជនកម្ពុជាគ្រប់រូបត្រូវរួមគ្នាសាមគ្គីថែរក្សាឱ្យបានខានតែបាន។

លោកប្រធានបានថ្លែងអំពាវនាវ ដល់សមាជិកគណបក្សប្រជាជនកម្ពុជានៅក្នុងភូមិកំពង់ឫស្សីដែលមានសិទ្ធិបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោត ឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោតស្របតាមទិសស្លោក “សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសំឡេង”។ ជាពិសេស សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី១៨ ដែលមានរូបសញ្ញា “ទេវតាបាចផ្កា”​ ជាសញ្ញាសម្គាល់។

លោកប្រធានក៏បានណែនាំដល់សមាជិកគណបក្សគ្រប់រូបឱ្យត្រៀមអត្តសញ្ញាណបណ្ណសម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។ ក្នុងករណីមានការបាត់បង់ ឬខូចខាត ត្រូវទាក់ទងទៅកាន់មេភូមិនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីសម្របសម្រួលធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ (ឯ.អ) ដើម្បីអាចបោះឆ្នោតបាន។

អង្គពិធីទាំងមូលបានប្រកាសគាំទ្រជាឱឡារិក សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត៕