(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៣ កិច្ចប្រជុំ រដ្ឋមន្ត្រី ការបរទេសអាស៊ាន ជាមួយ សហរដ្ឋអាមេរិក និងវេទិកាតំបន់អាស៊ាន លើកទី៣០ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៣៖
កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ដែលសម្រេចបាន ក្រោមផែនការសកម្មភាពទីក្រុងម៉ានីល ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញស្តីពី គំនិតផ្តួចផ្តើមអភិវឌ្ឍន៍កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (២០១៨-២០២២) និងបានអនុម័តផែនការសកម្មភាពនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (២០២៤-២០២៨)។ ផែនការសកម្មភាពថ្មីនេះត្រូវបានកែសម្រួលទម្រង់ ដោយផ្តោតចំពោះការអនុវត្តនូវសេចក្តីថ្លែងការណ៍ និងសេចក្តីប្រកាសនានារបស់ថ្នាក់ដឹកនាំនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ក្នុងគោលដៅបង្កើនសារៈសំខាន់ សង្គតិភាព និងប្រសិទ្ធភាពនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលជាវេទិការបស់ថ្នាក់ដឹកនាំ សម្រាប់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពសេដ្ឋកិច្ច ក្នុងតំបន់។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា កម្ពុជាអាចគាំទ្រនូវគំនិតផ្តួចផ្តើមស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកណាក៏ដោយ ដែលមិនមានគោលដៅប្រើប្រាស់ដើម្បីប្រឆាំងនឹងប្រទេសមួយផ្សេងទៀត ដែលរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយដែលគោរពធម្មនុញ្ញអាស៊ាន និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។
លោកឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យដៃគូអាស៊ានពង្រីកការគាំទ្រលើវិស័យអាទិភាពទាំងបួន ដែលកំណត់ក្នុងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក តាមរយៈគម្រោង និងកម្មវិធីជាក់ស្តែង ដែលប្រកបដោយគុណភាពខ្ពស់។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃការពង្រឹងនូវប្រសិទ្ធភាពនៃយន្តការកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដើម្បីធានាថា យន្តការនេះផ្តល់នូវថាមពលថ្មី និងបំពេញបន្ថែមដល់យន្តការដែលដឹកនាំដោយអាស៊ានដទៃទៀត និងដោយបញ្ចៀសនូវការត្រួតគ្នា។ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលអាស៊ីបូព៌ាត្រូវការពង្រឹងបន្ថែមទៀត ដើម្បីឱ្យក្លាយទៅជាយន្តការដែលផ្ដោតចំលើបញ្ហា និងតម្រង់ទិសលើដំណោះស្រាយ។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក៖
កិច្ចប្រជុំបានរំលឹកឡើងវិញអំពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី១០ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងបានអនុម័តឧបសម្ព័ន្ធនៃផែនការសកម្មភាពអាស៊ាន-សហរដ្ឋអាមេរិក (២០២១-២០២៥)។ កិច្ចប្រជុំបានស្វាគមន៍វឌ្ឍនភាពនៃទំនាក់ទំនងថ្មីរបស់អាស៊ាន និងសហរដ្ឋអាមេរិក លើវិស័យសុខភាពសាធារណៈ ការដឹកជញ្ជូន សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចស្ត្រី ថាមពល បរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ កិច្ចប្រជុំក៏បានឯកភាពជាគោលការណ៍លើសំណើបង្កើតមជ្ឈមណ្ឌលអាស៊ាន-សហរដ្ឋអាមេរិក។
លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យអាស៊ាន និងសហរដ្ឋអាមេរិក ពន្លឿនការអនុវត្តផែនការការងារ នៃកិច្ចព្រមព្រៀងក្របខណ្ឌពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-សហរដ្ឋអាមេរិក និងគំនិតផ្តួចផ្តើមពង្រីកទំនាក់ទំនងសេដ្ឋកិច្ច។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទំនាក់ទំនងប្រកបដោយស្ថិរភាព និងសុឆន្ទៈ ដោយប្រទេសមហាអំណាចធំៗ គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព ស្ថិរភាព និងវិបុលភាព ហើយកង្វះចំណុចទាំងអស់នេះនឹងធ្វើឱ្យការជំរុញរបៀបវារៈសាកលពិតជាមានការលំបាកយ៉ាងខ្លាំង ឬមិនអាចធ្វើបាន ។
វេទិកាតំបន់អាស៊ានលើកទី៣០៖
កិច្ចប្រជុំបានកោតសរសើរចំពោះការងាររបស់វេទិកាតំបន់អាស៊ានក្នុងរយៈពេល៣០ឆ្នាំ កន្លងមក ហើយបានគូសបញ្ជាក់អំពីការរួមចំណែកដ៏សំខាន់ៗ ចំពោះសន្តិភាព សន្តិសុខ និងស្ថិរភាព ក្នុងតំបន់ តាមរយៈការលើកកម្ពស់វិធានការកសាងទំនុកចិត្ត និងការបង្ការជម្លោះតាមផ្នែកការទូត ក៏ដូចជាកិច្ចពិគ្រោះយោបល់លើបញ្ហានយោបាយ និងសន្តិសុខក្នុងតំបន់ដែលជាផលប្រយោជន៍ និងកង្វល់រួម ។ ដើម្បីបន្តនូវសន្ទុះវិជ្ជមាននេះ កិច្ចប្រជុំបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការជំរុញ និងពង្រឹងបន្ថែមនូវដំណើរការនៃវេទិកាតំបន់អាស៊ាន ដើម្បីឱ្យវេទិកានេះនៅតែបន្តដើរតួនាទីជាវេទិកាដែលឈានមុខនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ ដែលទើបនឹងកើតឡើងថ្មីៗ និងនាពេលអនាគត តាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែងដែលផ្តោត ចម្បងលើសកម្មភាពស្របតាមការអនុវត្តផែនការសកម្មភាព វេទិកាតំបន់អាស៊ានទីក្រុងហាណូយ ដំណាក់កាលទី២ ២០២០-២០២៥ ប្រកបដោយប្រសិទ្ធភាព។
កិច្ចប្រជុំបានស្វាគមន៍ការបោះពុម្ភផ្សាយ ទស្សនវិស័យសន្តិសុខវេទិកាតំបន់អាស៊ានប្រចាំឆ្នាំ២០២៣ និងបានរំលឹកឡើងវិញអំពីសារៈសំខាន់នៃឯកសារនេះ ដែលផ្តល់ជាមធ្យោបាយមួយសម្រាប់ប្រទេសសមាជិកទាំងអស់អាចចែករំលែកទស្សនរៀងខ្លួនអំពីបញ្ហាដែលពាក់ព័ន្ធនឹងសន្តិភាព និងសន្តិសុខ ជាសាធារណៈ។ កិច្ចប្រជុំក៏បានអនុម័តឯកសារចំនួនពីរពោលគឺ (១) សេចក្តីថ្លែងការណ៍វេទិកាតំបន់អាស៊ានស្តីពីការរំលឹកខួប៣០ឆ្នាំ នៃវេទិកាតំបន់អាស៊ាន និង(២) ឯកសារទស្សនា-ទានស្តីពី បណ្តុំឯកសាររំលឹកខួបអនុស្សារីយលើកទី៣០ នៃវេទិកាតំបន់អាស៊ាន។
លោកឧបនាយករដ្ឋមន្រ្ដី បានបញ្ជាក់ជាថ្មីអំពីតួនាទីពិសេសដាច់ដោយឡែករបស់វេទិកាតំបន់អាស៊ាន ក្នុងការកសាងទំនុកចិត្តទៅវិញទៅមក និងការលើកកម្ពស់កិច្ចសហប្រតិបត្ដិការជាក់ស្ដែងរវាងសមាជិក។ ឧបនាយករដ្ឋមន្រ្ដី បានលើកទឹកចិត្ដឱ្យវេទិកាតំបន់អាស៊ានពង្រឹងការងារ និងសកម្មភាពរបស់ខ្លួនក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងប្រកបដោយស្ថិរភាព និង ចេតនាល្អ និងប្រកបដោយសុឆន្ទៈរវាងប្រទេសមហាអំណាច ដើម្បីរក្សាបាននូវសន្ដិភាព និងស្ថិរភាព ក្នុងតំបន់ និងទូទាំងសកលលោក។ ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់សាជាថ្មីអំពីការគាំទ្រយ៉ាងមុតមាំរបស់កម្ពុជាចំពោះគោលការណ៍ ដែលមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងបទដ្ឋានដែលត្រូវបានទទួលស្គាល់ជាសកលពាក់ព័ន្ធនឹងការគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាពផ្នែកនយោបាយរបស់ប្រទេសសមាជិកអង្គការសហប្រជាជាតិ។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសន្ទនា និងការងារការទូត គឺជាមធ្យោបាយដ៏ប្រសើរបំផុតសម្រាប់ការបញ្ចប់ជម្លោះ ហើយការប្រាស្រ័យទាក់ទងគឺជាគន្លឹះក្នុងការកសាងទំនុកចិត្ត ការជំរុញឱ្យមានការមូលមតិរួមគ្នា (promoting convergence) និងការរក្សាតុល្យភាពនៃផលប្រយោជន៍ និងកង្វល់ផ្នែកសន្តិសុខរបស់ប្រទេសសមាជិក។
ជំនួបទ្វេភាគី៖
លោកឧបនាយករដ្ឋមន្រ្ដីក៏បានឆ្លៀតឱកាសទទួលជួបទ្វេភាគីជាមួយ លោក បណ្ឌិត អេ ខេ អ៉ាប់ឌុល ម៉ូមិន សមាជិកសភា និងជារដ្ឋមន្ត្រីការបរទេសបង់ក្លាដែស និង លោកស្រី អាននីខែន ហ្វ៊ីតហ្វែល រដ្ឋមន្ត្រីការបរទេសន័វែស ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត និងផ្លាស់ប្ដូរទស្សនអំពីបញ្ហានានា ដែលជាក្ដីបារម្ភ និងផលប្រយោជន៍រួម៕