(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ លោក វង សូត តំណាងរាស្រ្តពេញសិទ្ធិខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែងបានអញ្ជើញជួបសំណះសំណាលជាមួយ សមាជិក សមាជិកា គណបក្សផ្សេងៗ ដែលសុំមកចូលរួមជីវភាពជាមួយក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា ចំនួន ៥១៨ និងប្រធានក្រុមបក្ស ៣០០នាក់ ស្ថិតនៅឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលការរួមសរុបចំនួន ៨១៨ នាក់ នាឱកាសនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងបរិវេណស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំក្រែក។
ពិធីនេះ មានការចូលរួមពី អនុប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុក ប្រធាន-អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ សមាជិកសមាជិកាក្រុមការងារយុវជនផងដែរ។
ក្នុងឱកាសនោះ លោកបានថ្លែងនូវការអបអរសាទរចំពោះសមាជិក សមាជិកាថ្មី ដែលបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានាពេលនេះ។ ព្រមជាមួយគ្នានេះលោកប្រធានក៏បានសម្តែងអំណរគុណដល់ប្រធានក្រុមបក្ស ទាំងអស់ដែលបានខិតខំកសាងមូលដ្ឋានក្រុមបក្សរបស់ខ្លួនកន្លងមកប្រកបដោយគុណភាព និងបរិមាណ ។
លោក វង សូត បានរំលឹក និងជម្រាបជូនក្មួយៗ សមាជិកបក្សថ្មី អំពីប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា ដែលបានចាប់បដិសន្ធិឡើងតាំងពីឆ្នាំ១៩៥១ ដែលមានអាយុកាល ៧២ឆ្នាំ គិតមកដល់ឆ្នាំ២០២៣ នេះ ហើយលោកបណ្ឌិត ក៏បានស្នើដល់សមាជិកគណបក្សថ្មីៗទាំងអស់ ដូចខាងក្រោម៖១៖ ត្រូវខិតខំស្វែងយល់អំពីប្រវត្តិ បុព្វហេតុ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបង្កើននូវសមត្ថភាពចំណេះដឹង។២៖ ត្រូវចូលរួមថែរក្សាការពានូវសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសុខសន្តិភាព ឲ្យបានជាដាច់ខាត។ ៣៖ គាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់អនាគត។ ៤៖ ត្រូវខិតខំកសាងអំពីល្អឲ្យបានច្រើន ចូលរួមសកម្មភាពលេងកីឡា ចៀសឆ្ងាយពីគ្រឿងញៀន អំពើអបាយមុខគ្រប់ប្រភេទ និងចូលរួមសកម្មភាពការងារសង្គម ការងារមនុស្សធម៌ និងការងារបរិស្ថាន ដូចជាដាំដើមឈើ និងសម្អាតអនាម័យបរិស្ថានទីតាមទីសាធារណៈ។៥៖ ត្រូវចូលរួមការងារបោះឆ្នោត ដូចជា ការងារឃោសនា និងសង្កេតការណ៍ -ល- និង៦ ត្រូវចូលរួមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានាពេលខាងមុខ។
បន្ថែមលើនេះ លោកក៏បានរំឮកអំពីគុណបំណាច់របស់គណបក្ស ក្នុងការស្វែងរកសន្តិភាព និងករសាងសេដ្ឋកិច្ចសង្គម ឲ្យមានការរីចម្រើនលើគ្រប់វិស័យ ដោយឈរលើមាគ៌ាគោលនយោបាយ ឈ្នះ-ឈ្នះ៕