(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា សម្តេច ធ្លាប់បានឆ្លងកាត់ការលំបាកគ្រប់យ៉ាង ក្នុងវ័យកុមារ ពេលដែលស្រុកជួបសង្រ្គាម ពេលនោះឱកាសនៃការសិក្សាគឺគ្មានទេ មានតែការរត់លូនគេចពីគ្រាប់កាំភ្លើង។ សម្តេចតេជោ បានប្តេជ្ញាថា ពេលសម្តេចមានឱកាសកសាងប្រទេសជាតិ សម្តេចមិនឲ្យកូនខ្មែរអត់សាលារៀនឡើយ។
ការថ្លែងប្តេជ្ញារបស់សម្តេចនាយករដ្ឋមន្រ្តី បានធ្វើឡើងស្របពេលដែលសម្តេច បានធ្វើដំណើរចុះទៅតាមបណ្តាខេត្តក្នុងភូមិភាគឦសាន ប្រទេស និងបានផ្តល់សាលារៀនជាច្រើនខ្នងនៅតាមសាលានានា ដើម្បីបំពេញតម្រូវការសិក្សារបស់សិស្សនៅតាមទីជនបទ។
សូមបញ្ជាក់ថា ក្នុងដំណើរចុះទៅជួបប្រជាពលរដ្ឋ និងមន្រ្តីរាជការនៅក្នុងខេត្តក្រចេះ សម្តេចបានចុះជួបសំណេះសំណាលជាមួយ សិស្សានុសិស្សនៅសាលាបថម និងអនុវិទ្យាល័យក្រចេះក្រុង ដើម្បីជួបសំណេះសំណាលជាមួយសិស្សានុសិស្សនិងពិនិត្យសមិទ្ធផល សាលារៀន និងបានស្តាប់របាយការដោយផ្ទាល់ពីសិស្ស និងលោកគ្រូអ្នកគ្រូនៅសាលាក្រចេះក្រុង។ បន្ទាប់ពីស្តាប់របាយការណ៍ហើយ សម្តេចតេជោ បានសម្រេចចិត្តធ្វើអំណោយសាលារៀនថ្មីមួយខ្នងមាន ៣ជាន់ ស្មើនឹង ៤៨បន្ទប់ ដើម្បីឆ្លើយតបនិងកំណើនសិស្ស។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅលើទំព័រ Facebook របស់សម្តេចនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះថា បើទោះបីនឿយ ហត់ តែសម្តេច មានអារម្មណ៍រីករាយនៅពេលបានជួបសិស្សានុសិស្ស និងបានផ្តល់អគារសិក្សាដល់ពួកគេ។
សម្តេចតេជោ បញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំធ្លាប់បានឆ្លងកាត់ការលំបាកគ្រប់យ៉ាងកាលពីខ្ញុំនៅវ័យ កុមារ ក្នុងពេលដែលស្រុកយើងមាន សង្រ្គាម។ ពេលនោះឱកាសនៃ ការសិក្សាគឺគ្មានទេ មានតែការរត់លូនគេចពីគ្រាប់កាំភ្លើង។ នៅពេលដែលខ្ញុំមានឱកាស គឺខ្ញុំមិនឲ្យ កូនខ្មែរអត់សាលារៀនឡើយ»។
សម្តេចនាយករដ្ឋមន្រ្តី ក៏បានកោតសរសើរចំពោះការរីកចម្រើនវិស័យអប់រំពីទីក្រុងដល់តាមបណ្តាខេត្ត និងបានផ្តាំផ្ញើឲ្យយុវជនខ្មែរ បន្តខិតខំរៀនសូត្រ ដើម្បីក្លាយទៅជាកូនល្អ និង ធនធានល្អរបស់ប្រទេសជាតិ និងដើម្បីអនាគតល្អរបស់ខ្លួនឯងផ្ទាល់ផងដែរ៕