(តាកែវ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ ដែលជាថ្ងៃទី១៥ នៃយុទ្ធនាការឃោសនាបោះឆ្នោត លោក សុខុម ភគវន្តមុនី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអង្គរបូរី និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ បានដឹកនាំសមាជិក សមាជិកាប្រមាណ ២ពាន់នាក់ ដង្ហែក្បួនឃោសនារកសំឡេងឆ្នោតពីប្រជាពលរដ្ឋ។
ការដង្ហែក្បួនរកការគាំទ្រពីប្រជាពលរដ្ឋនោះ មានការចូលរួមពីក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំទាំង៦ រួមមាន ឃុំបាស្រែ ឃុំព្រែកផ្ទោល ឃុំគោកធ្លក ឃុំព្រៃផ្គាំ ឃុំពន្លៃ និងឃុំអង្គរបូរី ព្រមទាំងសមាជិក សមាជិកាគណបក្សស្រុក គណបក្សឃុំទាំង៦។
ក្នុងក្បួនដង្ហែនោះ លោក សុខុម ភគវន្តមុនី បានលើកបង្ហាញពីស្នាដៃ និងសមិទ្ធផលដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់បក្សប្រជាជនសម្រេចបានទាំងក្នុងក្របខណ្ឌខេត្តតាកែវ ក៏ដូចជានៅក្នុងក្របខណ្ឌទូទាំងប្រទេស។
លោក សុខុម ភគវន្តមុនី ក៏បានលើកបង្ហាញពីគោលនយោបាយ ក៏ដូចឆន្ទៈរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំ ដើម្បីនាំមកនូវការអភិវឌ្ឍន៍សង្គមជាតិឱ្យកាន់តែរីកចម្រើន និងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ។
បន្ថែមពីលើនោះ លោក សុខុម ភគវន្តមុនី បានអំពាវនាវប្រជាពលរដ្ឋកុំបោះបង់ឱកាសប្រើប្រាស់សិទ្ធិជាម្ចាស់ប្រទេសចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ជាពិសេសបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា មានលេខរៀងទី១៨ ដើម្បីសុខសន្តិភាព ស្ថេរភាព វឌ្ឍនភាព ការរីកចម្រើន និងវិបុលភាព។
សូមបញ្ជាក់ថា មូលដ្ឋានស្រុកអង្គរបូរី ខេត្តតាកែវ ដែលមាន លោក សុខុម ភគវន្តមុនី ជាប្រធានក្រុមការងារ រួមនឹងក្រុមការងារទាំងអស់ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ ដោយចំណាយទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធាន ដើម្បីចុះជួយកសាងមូលដ្ឋានលើគ្រប់វិស័យដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន មណ្ឌលសុខភាព ប្រព័ន្ធធារាសាស្រ្ត និងវត្តអារាមជាដើម ឱ្យមានការរីកចម្រើនដូចស្រុកផ្សេងៗនៅក្នុងខេត្តតាកែវ ក៏ដូចជានៅបណ្តាខេត្តដទៃ៕