ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញគោរពវិញ្ញាណក្ខន្ធ​សពឧបាសិកា ហាយ រាត្រី ម្ដាយបង្កើតលោក ប្លែក វ៉ារី នៅស្រុកភ្នំស្រុក

(បន្ទាយមានជ័យ)៖ ល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យបានដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ​សពឧបាសិកា ហាយ រាត្រី ត្រូវជាម្ដាយបង្កើតរបស់លោក ប្លែក វ៉ារី សមាជិកក្រុមប្រឹក្សាខេត្ត​ ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ១០រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៧និង១០នាទី ក្នុងជន្មាយុ៩៥ឆ្នាំ ដោយជរាពាធ សពត្រូវបានតម្កល់ធ្វេីបុណ្យនៅភូមិស្រះជីក​ ឃុំស្រះជីក​ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​។

ក្នុងឱកាសដ៏សែនមហាសែនក្រៀមក្រំអាឡោះអាល័យនោះ ឧបនាយករដ្ឋមន្ត្រី សូមចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសព ហើយបានចាត់ទុកនូវមរណទុក្ខលោកយាយឧបាសិកា ហាយ រាត្រី គឺជាការបាត់នូវជីទួត ជីដូន ម្តាយ បងស្រី ដែលប្រកបដោយព្រហ្មវិហារធម៌ដែលបានចូលរួមជួយសង្គមអប់រំប្រៀនប្រដៅកូនចៅ ចៅទួតបានល្អប្រសើរ។

ក្នុងឱកាសដ៏សែនមហាសែនក្រៀមក្រំអាឡោះអាល័យនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបួងសួងសូមមនុញ្ញផលកើតចេញពីកិច្ចខិតខំប្រឹងប្រែងសន្សំរបស់លោកយាយក្នុងព្រះពុទ្ធសាសនា និងសទ្ធារបស់កូន ចៅ ចៅទួតនាពេលនេះជួយសណ្តោងដួងវិញ្ញាណក្ខន្ធលោកយាយ ឆ្ពោះទៅកាន់ទីស្ងប់សុខកុំបីឃ្លៀងឃ្លាតឡើយ។