(មណ្ឌលគិរី)៖ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ និងជាអគ្គលេខាធិ ការរងក្រុមប្រឹក្សាធម្មនុញ្ញ បានដឹកនាំមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ទៅដាំកូនឈើនៅសាលាបឋមសិក្សាបរគួង ស្ថិតនៅភូមិចុងថាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ដើម្បីជាការរួមចំណែកការពារ និងថែរក្សាព្រៃឈើ ស្រមតាមព្រះរាជបន្ទូលដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
កូនឈើដែលបានដាំមានចំនួនជាង ៣០០ ដើម រួមមាន៖ កូនឈើបេង នាងនួន គរគី កកោះ ឈើទាល និងធ្នង់ គឺបានទទួលពីរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគីរី ហើយសកម្មភាពនេះ ធ្វើឡើងដោយទទួលបានការចាត់តាំងពីសំណាក់ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២៣
ថ្លែងទៅកាន់លោកនាយកបឋមសិក្សា លោកគ្រូ អ្នកគ្រូ គណៈអភិបាលស្រុកពេជ្រាដា និងក្រុមប្រឹក្សាឃុំពូព្រៃនាឱកាសនោះ បណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានពាំនាំការសួរសុខទុក្ខពីសំណាក់ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ជូនដល់លោកនាយកបឋមសិក្សា លោកគ្រូ អ្នកគ្រូ ប្អូនៗកុមារា កុមារី និងបានលើកឡើងថា ការដាំកូនឈើនៅថ្ងៃនេះ បើគិតជាបរិមាណគឺតិចតួចណាស់ ប៉ុន្តែបើគិតទៅលើអត្ថន័យ គឺមានទំហំធំធេងមិនអាចកាត់ថ្លៃបាន ពីព្រោះវាបានបណ្តុះគំនិតឱ្យកុមារា កុមារី យើងបានឃើញ យកគំរូតាម និងចូលរួមថែទាំសម្បត្តិព្រៃឈើ ដែលផ្តើមចេញពីការដាំនៅផ្ទះយើង សាលារៀនយើង សហគមន៍យើង និងរហូតឈានដល់ពាសពេញប្រទេសជាតិយើងទាំងមូល តែម្តង។
លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានផ្តាំផ្ញើឱ្យក្មួយៗជាកុមារា កុមារី ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ នាំគ្នាថែទាំស្រោចទឹកកូនឈើ ដែលជាចំណែកមួយនៃការចូលរួមថែរក្សាសម្បត្តិព្រៃឈើជាតិ ស្របតាមព្រះរាជបន្ទូលដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងប្រសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន ។
លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា ក៏បាននាំយកអំណោយមនុស្សធម៌របស់ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម រួមមាន៖ កាតាបស្ពាយ បិច ខ្មៅដៃ សៀវភៅសរសេរ ជ័រលុប ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ សាប៊ូ ជូនក្មួយៗជាកុមារា កុមារី ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ចំនួនសរុប ១០០ នាក់ ផងដែរ៕