(កោះកុង)៖ លោក ចៅ ភីរិទ្ធ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារបន្តឃោសនារកសំឡេងឆ្នោត នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងបង្រៀនគូសសន្លឹកឆ្នោត តាមខ្នងផ្ទះ។

លោក ចៅ ភីរិទ្ធ បានថ្លែងថា ដើម្បីរក្សាសន្តិភាព និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ពុំមែនមានតែក្នុងអាណត្តិទី៧នោះទេ គឺមានតាំងពីអាណត្តិ១ មកម្ល៉េះ និងបានបន្តដាក់ចេញជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្នភាព ពង្រឹងប្រសិទ្ធភាព នៃការអនុវត្តប្រកបដោយ គុណភាព តម្លាភាព សមធម៌ សំដៅបម្រើប្រយោជន៍ជារួមដល់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។

លោកបានបន្ថែមថា រយៈកាលជាង៤៤ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សាការពារសន្តិភាពដែលរកបានមកយ៉ាងលំបាក ហើយបានបន្តជំរុញការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត ដែលមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងជាប្រទេសដែលប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

លោក ចៅ ភីរិទ្ធ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា ពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា ដែលមានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវដើម្បីរក្សាតម្លៃ នៃសន្លឹកឆ្នោតស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជន១សម្លេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ៕