(កំពង់ចាម)៖ លោក សុក ផេង ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានបន្តដង្ហែក្បួនឃោសនារកសំឡេងឆ្នោត និងចុះជួបសំណេះសំណាលជាមួយសមាជិកបក្សតាមខ្នងផ្ទះ និងណែនាំពីរបៀបគូសសន្លឹកឆ្នោតឱ្យត្រឹមត្រូវ ដើម្បីគាំទ្រគណបក្សប្រជាជន។

ពិធីនេះមានការអមដំណើរដោយលោក ឯល វ៉ាន់សារ៉ាត់ លោក មៀច សំអ៊ាន់ លោក ជុំ អង្គរឧត្តម លោក អ៊ុយ ជីង លោក កេត កែវអមតៈ លោក ស៊ី រតនៈ លោក សេង សុផល លោក ប៊ី វិរៈសុគន្ធ លោក សួន សុភា លោក ស៊ុ ផនរង្ស៊ី លោកស្រីនួន សាមឿន។

នាឱកាសនោះដែរ លោក សុក ផេង បានសម្តែងនូវការលើកទឹកចិត្ត និងថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងស្រុក ឃុំ ភូមិ ដែលសម្រេចបានលទ្ធផលគួរជាទីមោទនក្នុងការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំកន្លងមក និងអរគុណប្រជាពលរដ្ឋដែលជឿជាក់លើសម្តេចតេជោ ហ៊ុន សែន និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីរក្សាបានសុខសន្តិភាព និងការអភិវឌ្ឍ។

លោកបានជម្រុញឲ្យពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបន្ថែមទៀត ដើម្បីបង្កើនភាពឈ្នះក្នុងឱកាសបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ខាងមុខនេះ។

នៅរសៀលថ្ងៃដដែល លោក កេត កែវអមតៈ អនុប្រធានក្រុមការងារបក្សចុះជួយភូមិក្បាលហុងថ្មី តំណាងឱ្យលោក មៀច សំអ៊ាន់ បានចុះតាមខ្នងផ្ទះជួបប្រជាពលរដ្ឋដើម្បីឃោសនា និងបង្រៀនគូសសន្លឹកឆ្នោតជូនគណបក្សប្រជាជនមានលេខរៀងទី១៨ និងបានពន្យល់ពីសារសំខាន់នៃការអញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ផងដែរ៕