(រតនគិរី)៖ បន្ទាប់ពីចូលរួមឃោសនារកសំឡេងឆ្នោតក្នុងមូលដ្ឋានរបស់ខ្លួនរយៈពេលជាច្រើនថ្ងៃមកនេះ សមាជិក សមាជិកាគណបក្សប្រជាជនប្រមាណជាង១០០នាក់ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានជួបជុំគ្នានៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ហូបនំបញ្ចុកសាមគ្គីបង្ហាញពីការត្រៀមខ្លួនទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

កម្មវិធីជួបជុំសមាជិក សមាជិកា យ៉ាងសប្បាយរីករាយខាងលើនេះដែរមានការឧបត្ថម្ភពីលោក ញ៉ែម សំអឿនប្រធានគណៈកម្មាធិការបក្សខេត្តរតនគិរី, លោក លឹម សម្បត្តិអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តរតនគិរី, ឧកញ៉ា ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ នៅរាជធានីភ្នំពេញ, ឧកញ៉ា សា លាង ម្ចាស់វិនិយោគផ្សារបានលុង, ព្រមទាំងក្រុមការងារគណបក្សខេត្តរតនគិរី ចុះជួយមូលដ្ឋានក្រុងបានលុង, ក្រុមការងារគណបក្សសង្កាត់កាចាញ, ក្រុមការងារគណបក្សក្រុងបានលុង ក៏បានចូលរួមឧបត្ថម្ភថវិកាមួយចំនួនផងដែរ។

លោក ធឿន ប៊ុនធន អតីតអនុប្រធានគណបក្សភ្លើងទៀនប្រចាំខេត្តរតនគិរី តំណាងឲ្យសមាជិក សមាជិកាជាង១០០នាក់ក្នុងកម្មវិធីហូបនំបញ្ចុកសាមគ្គី បានថ្លែងថា ថ្ងៃនេះពួកគាត់មានទឹកចិត្តសប្បាយរីករាយណាស់, បន្ទាប់ពីចូលរួមឃោសនារកសំឡេងឆ្នោតក្នុងមូលដ្ឋានរបស់ខ្លួនជាច្រើនថ្ងៃកន្លងមក។

ពួកគាត់ថានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រូបគាត់រួមនឹងសមាជិក សមាជិកាទាំងអស់ នឹងត្រៀមខ្លួនរៀបចំឯកសារឲ្យគ្រប់គ្រាន់ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី១៨ មានសញ្ញារូប ទេវតាបាចផ្កា ជាសម្គាល់៕