(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌឫស្សីកែវ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាង២៥០០នាក់ ហែក្បួនឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ លើកទី៣ នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នាឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការពារ និងកសាងមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងការលើកស្ទួយជីវភាពប្រជាជនឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឈានទៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ រួមនឹងសមិទ្ធផលសំខាន់ៗជាច្រើន ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានជូនជាតិ និងប្រជាជនកម្ពុជា។

លោកបណ្ឌិត អូស្មាន ហាស្សាន់ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា ពិសេស គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាច់ផ្កា» មានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងសូមគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃ នៃសន្លឹកឆ្នោតស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង គឺដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍន៍ និង អនាគតកូនចៅជំនាន់ក្រោយ។

សមាជិក សមាជិកាដែលពាក់អាវ និងមួកមានស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា អមដោយទង់ជាតិនៃកម្ពុជា និងទង់បក្សប្រជាជនកម្ពុជា មានទឹកមុខសប្បាយរីករាយ ពេញចិត្ត និងពោរពេញដោយជំនឿទុកចិត្ត និងក្តីសង្ឃឹមចំពោះអនាគតរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា៕