(ភ្នំពេញ)៖ លោកបណ្ឌិត អ៉ិត សំហេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខណ្ឌចំការមន និងខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកាបក្សប្រជាជនកម្ពុជាប្រមាណជាង​៣ ០០០នាក់​ ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំលើកទី៣ នៅខណ្ឌចំការមន និងបឹងកេងកង សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។

គួរជម្រាបថា យុទ្ធនាការឃោសបោះឆ្នោតនេះបានឈានដល់ថ្ងៃទី១៥ហើយ ខណៈដែល គ.ជ.ប បានកំណត់អនុញ្ញាតឱ្យយុទ្ធនាការប្រព្រឹត្តទៅចាប់ពីថ្ងៃទី១-២១ ខែកក្កដា ឆ្នាំ២០២៣។

នៅមុនពេលចេញដំណើរដង្ហែក្បួនឃោសនា លោកបណ្ឌិត អ៉ិត សំហេង បានអានសេចក្តីថ្លែងការណ៍របស់សម្តេចតេជោប្រធានគណបក្ស​ជូនដល់អង្គពិធីទាំងមូលបានជ្រាប​ ដែលជាគោលនយោបាយគ្រប់វិស័យរបស់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេសនៅអាណត្តិទី៧។

លោកបណ្ឌិត អ៉ិត សំហេង ក៏បានណែនាំដល់សមាជិក សមាជិកាបក្សឱ្យត្រូវប្រកាន់ភ្ជាប់នូវរបៀបរៀបរយ គោរពឱ្យបាននូវក្រមសីលធម៌ និងច្បាប់បោះឆ្នោត ព្រមទាំងរក្សាវិន័យ សេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា ពិសេសគឺត្រូវគោរពឱ្យបានត្រឹមត្រូវនូវច្បាប់ចរាចរណ៍ក្នុងពេលធ្វើដំណើរឃោសនានោះ។

តាមទិដ្ឋភាពជាក់ស្ដែងនៅក្នុងពិធីដង្ហែក្បួនឃោសនារកសំឡេងឆ្នោតជាលើកទី៣នោះ មានប្រជាជននៅតាមដងផ្លូវបង្ហាញការអបអរសាទរស្វាគមន៍ និងជូនពរសូមឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះជាថ្មីនៅអាណត្តិទី៧ខាងមុខ​ ជាបន្តទៀត។

នៅសល់តែ៨ថ្ងៃទៀតបុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងឈានមកដល់ហើយ ពោលគឺនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕