(ព្រៃវែង)៖ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង លោក ឆែម សាវុធ អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រៃរំដេង ស្រុកមេសាង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជា ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ចំនួន២០០នាក់។

ក្រៅពីបានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ឆែម សាវុធ បានថ្លែងពីប្រវត្តិសវតារបស់គណបក្សតាំងពីថ្ងៃចាប់បដិសន្ធិ ក៏ដូចជាព្រឹត្តិការណ៍សំខាន់ៗជាប្រវត្តិសាស្ត្រ ដែលថ្នាក់ដឹកនាំគណបក្សប្រជាជនគ្រប់ជំនាន់បានហែលឆ្លង ដើម្បីសង្គ្រោះប្រជាជាតិយើងពីរបបកាប់សម្លាប់៣ឆ្នាំ ៨ខែ និង២០ថ្ងៃ របស់បនក្បត់ប្រល័យពូជសាសន៍ ប៉ុល ពត ដណ្តើមសន្តិភាព កសាង អភិវឌ្ឍន៍រហូតកម្ពុជា បានក្លាយជាសមាជិកដ៏មានកិត្តិយសស្មើមុខស្មើមាត់ ជាមួយបណ្តាប្រទេសដទៃលើឆាកអន្តរជាតិ។

បន្ថែមលើការខិតខំពង្រឹងគោលជំហរ ចំណេះ ជំនាញ ស្មារតី និងការលះបង់ក្នុងការងារសង្គមនានារបស់យុវជន ក្នុងសហគមន៍របស់ខ្លួន ដើម្បីក្លាយខ្លួនជាអ្នកបន្តវេនប្រកបដោយសក្តានុពលខ្ពស់សម្រាប់អនាគត លោក ឆែម សាវុធ បានផ្តល់ជាអនុសាសន៍ជាច្រើនផងដែរ ដល់យុវជនគណបក្សទាំង២០០នាក់។

ក្រៅពីបានចែករំលែកបទពិសោធន៍ល្អៗ និងមតិផ្តាំផ្ញើប្រកបដោយអត្ថន័យ លោក ឆែម សាវុធ បានឧបត្ថម្ភថវិកាជូនសមាជិកយុវជនទាំង២០០នាក់ ក្នុងម្នាក់ទទួលបានថវិកា ២០,០០០រៀល ក្នុងបរិយាកាសសប្បាយរីករាយ និងស្និតស្នាលបំផុត៕