(វ៉ាស៊ីនតោន)៖ បេក្ខភាពប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថាអាមេរិកនឹងអាចបញ្ចប់ជីវិត នៅក្នុង «សង្គ្រាមដ៏ធំមួយ» ដើម្បីតែការការពារអ្នកដទៃ ហើយវានឹងបង្ហាញច្បាស់ពីជោគវាសនាអាមេរិកខ្លួនឯង នៅក្នុង «សង្គ្រាមលោកលើកទី៣» ប្រសិនបើជប៉ុនរងការវាយប្រហារ ព្រោះថាប្រទេសអាស៊ីមួយនេះ មិនចាំបាច់ ធ្វើអ្វីឡើយ ប្រសិនបើមូលដ្ឋានទ័ពអាមេរិកនានារងការវាយប្រហារនោះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូងនាព្រឹកថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០១៦។
លោក Trump បានសង្កត់ធ្ងន់ទៀតថា អាមេរិកនឹងរងការបាត់បង់កាន់តែខ្លាំងប្រសិនបើ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន សុខៗប្រែទៅជាមួយមនុស្សកម្រោល និយាយស្តាប់គ្នាលែងបាននោះ។ បេក្ខភាពដែលអាចក្លាយជា ប្រធានាធិបតីអាមេរិករូបនេះបញ្ជាក់ថា «បុរសដែលយើងធ្លាប់ស្គាល់នឹងដឹងគ្រប់គ្នាថា តែងតែបង្កការគំរាមកំហែង នៅក្នុងតំបន់គឺកូរ៉េខាងជើងនោះ ប្រសិនបើគាត់ភ្លាមៗស្រាប់តែកម្រោលចូល ហើយធ្វើអ្វីឡើងដូចដែលខ្លួននិយាយ នោះ យើងប្រាកដជាបញ្ចប់ខ្លួនឯងនៅក្នុងសង្គ្រាមដ៏ធំមួយជាក់ជាមិនខាន»។
គួរបញ្ជាក់ថា ចាប់តាំងពីដើមឡើយលោក Donald Trump ហាក់បង្ហាញជំហរស្វាគមន៍ទុកឲ្យហើយចំពោះ កូរ៉េខាងជើង ហើយប្រសិនបើលោកជាប់ឆ្នោតមែននោះ ទំនាក់ទំនងរវាងអាមេរិក និងកូរ៉េខាងជើង អាចនឹងឈាន ទៅរកសករាជថ្មី។ ចំពោះជំហរលោក Trump កន្លងមកដែលចង់អង្គុយពិភាក្សាផ្ទាល់ជាមួយលោក គីម ជុងអ៊ុន នោះ ត្រូវបានរដ្ឋាភិបាលកូរ៉េខាងជើង ហៅថាជាអនាគតមេដឹកនាំអាមេរិកប្រកបដោយភាពឆ្លាតវៃ និងយល់កាលៈទេសៈ៕