(ភ្នំពេញ)៖ លោកបណ្ឌិត ហេង វុទ្ធី តំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុយ ពិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានដឹកនាំសមាជិកសមាជិកាគណបក្សក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មី បានចុះសួរសុខទុក្ខសមាជិកតាមបណ្តាសាខាបក្សភូមិទាំង៦ និងបង្រៀនគូសសន្លឹកឆ្នោតដល់សមាជិក សមាជិកាបក្សចំនួន ២៨០នាក់ សម្រាប់ត្រៀមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

លោកបណ្ឌិត ហេង វុទ្ធី បានថ្លែងបញ្ជាក់ថា ក្នុងនាមយើងទាំងអស់គ្នាដែលរួចជីវិតពីរបបប្រល៏យពូជសាសន៏ និងក្នុងនាមជាពុទ្ធសាសនិក ត្រូវគោរពដឹងគុណដល់អ្នកដែលផ្តល់ជីវិតថ្មីដល់យើង ហើយសម្រាប់អនាគតក៏យើងនៅតែបន្តដឹងគុណជានិច្ច និងត្រូវប្តេជ្ញាយ៉ាងមុតមាំនឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍។

លោកបណ្ឌិត ហេង វុទ្ធី បានបន្តថា៖ រយៈកាលជាង ៤៤ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាក។ កម្ពុជាពិតជាមានភ័ព្វសំណាងធំធេងណាស់ ដែលមានអ្នកប្រាជ្ញដូចជាសម្តេចតេជោ ហ៊ុន សែន ដែលពេញមួយជីវិតរបស់សម្តេចធ្វើពលីកម្មគ្រប់បែបយ៉ាង យកជីវិតធ្វើជាដើមទុនក្នុងការរំដោះអាយុជីវិតប្រជាជន និងបន្តដឹកនាំទើបកម្ពុជាអាចរក្សាបាននូវសន្តិភាព ឯកភាពជាតិពេញលេញបរិបូរណ៏ រហូតពិភពលោកទទួលស្គាល់សម្តេចតេជោ នូវគតិបណ្ឌិតក្នុងការដឹកនាំកម្ពុជាពីដំណាក់មួយទៅដំណាក់កាលមួយ មិនអាចអ្នកណាធ្វើបានដូច។

លោកបណ្ឌិត ហេង វុទ្ធី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ពិសេស គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ដែលមានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ៕