(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣ លោក អ៊ុក ប្រជា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុះត្រពាំងព្រះស្រុកព្រៃឈរ បានបន្តអញ្ជើញដឹកនាំដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ លើកទី៣ ក្នុងមូលដ្ឋានឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ គណៈកម្មាធិការគណបក្សស្រុក និងលោក លោកស្រី គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ សាខាបក្សភូមិទាំង២៤ រួមជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាឃុំត្រពាំងព្រះ ចូលរួមប្រមាណជាង ៣០០នាក់ ផងដែរ។
ក្នុងឱកាសនេះដែរ លោកបេក្ខជនបម្រុងតំណាងរាស្រ្ត បានអំពាវនាវដល់ប្រជាពលរដ្ឋសមាជិក សមាជិកា គណបក្សទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។ ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» មានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងសូមគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃ នៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្ស ប្រជាជនមួយសំឡេង គឺដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍ និងអនាគតកូនចៅជំនាន់ក្រោយ។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ៕