(កំពង់ធំ)៖ លោក ជា បូរ៉ា​ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិកបក្សចំនួន ៥០០នាក់ ដង្ហែរក្បូនឃោសនារកសំលេងឆ្នោតជុំទី៣​ នៅឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយប្រើប្រាស់ម៉ូតូជាង ២០០គ្រឿង និងរថយន្តតូចធំជាង ៣០គ្រឿង។

មុនចាប់ផ្តើមក្បួនដង្ហែ លោក ជា បូរ៉ា បានលើកឡើងអំពីគោលនយោបាយរបស់គណបក្សសម្រាប់អាណត្តិទី៧នេះ និងបានកោតសរសើរដោយស្មោះសរ ចំពោះសមាជិក សមាជិកាគណបក្ស សកម្មជន និងអ្នកគាំទ្រគណបក្ស ប្រជាជនកម្ពុជា ក្នុងឃុំបឹង ដែលបានផ្តល់ការជឿជាក់យ៉ាងលើសលប់នាពេលកន្លងមក និងបន្តការគាំទ្រដ៏ស្មោះស្ម័គ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ប្រកបដោយជោគជ័យ ក្នុងរយៈពេលជាង ៤៤ ឆ្នាំកន្លងទៅនេះ។

លោក ជា បូរ៉ា ក៏បានគូសបញ្ជាក់នូវជំហរឥតងាករេ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នំា២០២៣ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត។

លោក​ ក៏បានស្នើដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងឃុំបឹង សូមចូលរួមក្នុងយុទ្ធនាការឃោសនានេះឱ្យបានសកម្មបំផុត ដើម្បីបង្ហាញពីកម្លាំង នៃសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំរបស់គណបក្ស​ដោយប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូរ និងសីលធម៌ ដ៏ល្អប្រសើរ។ ដូច្នេះដើម្បីធានាឱ្យបានសមាជិកបក្សមួយរូប សម្លេងឆ្នោតមួយសន្លឹក សូមសមាជិក សមាជិកាគណបក្សប្រជាជនក្នុងឃុំបល្ល័ង្ក ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមពិនិត្យ និងត្រៀមអត្តសញ្ញាណបណ្ណរបស់ខ្លួនឱ្យបានច្បាស់លាស់។

ក្នុងករណីបាត់ ឬខូច អត្តសញ្ញាណបណ្ណ សូមមេត្តាប្រញាប់រួសរាន់ទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការបោះឆ្នោត (ឯ.អ) និងសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នាកុំបីខាន និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោតជាសម្គាល់ ដើម្បីធានាការថែរក្សា សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិជាបន្តទៀត ពិសេសគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី៧ និង លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។

ក្បួនដង្ហែបានហែរចូលគ្រប់ភូមិទាំងអស់ក្នុងឃុំ ទាំងភូមិបងប្អូនខ្មែរ និងភូមិបងប្អូនខ្មែរឥស្លាម ដោយបានចូលដល់គ្រប់ផ្លូវ គ្រប់ផ្សារ ទីប្រជុំជន និងកាត់តាមខ្នងផ្ទះស្ទើរទាំងអស់របស់ប្រជាពលរដ្ឋក្នុងឃុំ។ ប្រជាពលរដ្ឋក្នុងឃុំ ក៏បានចេញមកទទួលក្បួនជាមួយទឹកមុខញញឹមរួសរាយរាក់ទាក់ និងជួបស្រែកបន្ទរ ពិសេសលេខរៀងទី១៨ របស់គណបក្សប្រជាជនកម្ពុជា ដែលបង្ហាញថាសន្ធឹកគាំទ្របក្សប្រជាជន មានច្រើនលើសលប់៕