(ភ្នំពេញ)៖ លោកបណ្ឌិតស្ថាបត្យករ លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានបំណងចង់ចូលរួមរៀបចំប្រព័ន្ធនគរូបនីយកម្ម​ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរាជធានីភ្នំពេញ ដើម្បីបង្កើនសោភណភាព និងមេត្រីភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ។

លោកបណ្ឌិត លី រស្មី ជាស្ថាបត្យករវ័យក្មេងមួយរូប ដែលកំពុងល្បីឈ្មោះតាម​រយៈការសាងសង់អគារធំៗរបស់ស្ថាប័នរដ្ឋដូចជាក្រសួងរៀបចំដែនដី នគរូបនី​យ​កម្ម និងសំណង់ ក៏ដូចជាវិមាន «៧មករា» ដែលជាទីស្នាក់ការកណ្តាលរបស់​គណបក្សប្រជាជនកម្ពុជា រួមនិងសំណង់អគារជាច្រើនទៀត។ លោក លី រស្មី ក៏ជាអ្នកដែលបានចូលរួមចំណែកក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងរូប​សំណាក​នានានៅខេត្តព្រះសីហនុ។ បន្ថែមពីលើនោះ លោកក៏បានចូលរួមកែ​លំអប្រឡាយទឹកស្អុយនៅខេត្តសៀមរាប ទៅជាកន្លែងកម្សាន្តរបស់ប្រជាពល​រដ្ឋ​ផងដែរ។

តាមរយៈស្នាដៃទាំងអស់នេះ បាននាំឱ្យលោកទទួលបានការកោតសរសើរច្រើន​ពី​មហាជន។

ក្នុងបទសម្ភាសន៍ជាមួយ Fresh News លោក លី រស្មី ក៏បានបង្ហាញបំណង​ចូលរួមរៀបចំ​នគរូបនីយកម្មក្នុងរាជធានីភ្នំពេញឱ្យកាន់តែល្អប្រសើរផងដែរ។ ក្នុងនោះលោក លី រស្មី ចង់ឃើញរាជធានីភ្នំពេញបង្កើតភាពបៃតងឱ្យបាន​កាន់​តែច្រើន ដើម្បីលើកកម្ពស់បរិស្ថាន និងបង្កើតមេត្រីភាពជាមួយប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរ។

បន្ថែមពីការចង់ឃើញរាជធានីភ្នំពេញ បង្កើនភាពបៃតងហើយនោះ ស្ថាបត្យករ​ល្បី​ឈ្មោះបោះសំឡេងរូបនេះ ក៏មានបំណងចង់កែលំអប្រឡាយទឹក​ស្អុយ​ក្នុង​រាជ​ធានីភ្នំពេញ ទៅជាកន្លែងកម្សាន្តសម្រាប់ប្រជាពលរដ្ឋ ដូចប្រឡាយ​ទឹក​ក្នុងខេត្តសៀមរាប ដែលលោកបានកែប្រែនោះ៕