(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមប្រមាណ៤៥នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងវគ្គបណ្តុះបណ្តាលលើជំនាញថតរូប ជំនាន់ទី២។
ពិធីប្រគល់វិញ្ញាបនបត្រនេះ បានធ្វើឡើងនៅ FTC ក្រោមអធិបតីភាព លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន Fresh News ដោយមានការចូលរួមពី លោក ហេង ស៊ីនិត្យ គ្រូបង្គោលផ្នែកបណ្តុះបណ្តាលជំនាញថតរូបផងដែរ។
វគ្គសិក្សា «ជំនាញថតរូបក្នុងវិជ្ជាជីវៈសារព័ត៌មាន» របស់ FTC បានចាប់ផ្តើមចូលរៀនថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ដោយសិក្សារៀងរាល់ចុងសប្តាហ៍ អស់រយៈពេល៣ខែ។ រាល់សិក្ខាកាម ដែលបានបញ្ចប់ការសិក្សា បានបង្ហាញទឹកមុខពោរពេញដោយស្នាមញញឹម និងមានទំនុកចិត្ត ក្រោយទទួលបានការបណ្ដុះបណ្ដាលនៅ FTC។ វគ្គសិក្សាវគ្គ២ ដែលបានបញ្ចប់នេះ មានសិក្ខាកាមសិក្សាចំនួន៤៥នាក់ នៅក្នុងនោះមានទាំងអ្នកសារព័ត៌មាន មន្រ្តីរាជការ អាជីវករ គ្រូបង្រៀន គ្រូពេទ្យ ក៏ដូចជាសិស្សនិស្សិតផងដែរ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មានក៏ដូចជា ចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។
FTC មានលោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលលោកមានបទពិសោធន៍ ក្នុងវិស័យសារព័ត៌មានជិត ៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិកផងដែរ៕