(ភ្នំពេញ)៖ និស្សិតផ្នែកគ្រប់គ្រងទេសចរណ៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) រំពឹងនឹងរួមចំណែកលើកកម្ពស់ និងស្ដារឡើងវិញ នៃវិស័យទេសចរណ៍ ក្រោយវិបត្តិកូវីដ-១៩ បន្ទាប់ពីបញ្ចប់ការសិក្សា ដ្បិតវិស័យទេសចរណ៍ ត្រូវបានចាត់ទុកជាវិស័យអាទិភាពដ៏សំខាន់មួយ ក្នុងការកសាងសេដ្ឋកិច្ចសង្គម ។
នេះបើតាមការលើកឡើងរបស់កញ្ញា ជីប ហ៊ុនលាភ បន្ទាប់ពីកញ្ញាបានឡើងការពារនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាន់ទី២០ សម្រាប់និស្សិតផ្នែកគ្រប់គ្រងទេសចរណ៍ ដែលរៀបចំដោយដេប៉ាតឺម៉ង់ទេសចរណ៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ នេះ ។
កញ្ញាបន្ដថា ការសិក្សាថ្នាក់មហារិទ្យាល័យ ក្នុងជំនាន់របស់ខ្លួន គឺស្របពេលពិភពលោកជួបវិបត្តិកូវីដ-១៩ ហើយវិស័យទេសចរណ៍ ក៏រងផលប៉ះពាល់ខ្លាំងដែរ ប៉ុន្ដែកញ្ញាមិនបានបោះបង់ការសិក្សាមុខវិទ្យាមួយនេះឡើយ ដ្បិតកញ្ញាយល់ថា មុខវិទ្យាមួយនេះ នឹងអាចជួយដោះស្រាយផលប៉ះពាល់ក្នុងវិស័យទេសចរណ៍ កំឡុងវិបត្តិជាសកលនេះ ។
កញ្ញា ជីប ហ៊ុនលាភ បន្ថែមថា «ក្រោយពេលខ្ញុំរៀនឆ្នាំទី៣ កូវីដ-១៩ ក៏ចាប់ផ្ដើមស្រាក់ស្រាន្ដ ហើយប្រទេសយើង ក៏ចាប់បើកដំណើរការ និងទទួលភ្ញៀវទេសចរឡើងវិញ ។ អារម្មណ៍ពេលហ្នឹង ខ្ញុំពិតជាសប្បាយចិត្ត ហើយចាត់ទុកជាឱកាសមួយដ៏ល្អ ហើយពេលរៀនចប់ យើងនឹងអាចជួយស្ដារវិស័យទេសចរណ៍ឡើងវិញ ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ ឲ្យដូចមុនផ្ទុះជំងឺកូវីដ-១៩» ។
លោកស្រី ឃុន ច័ន្ទមុនី ប្រធានដេប៉ាតឺម៉ង់ទេសចរណ៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) បានគូសបញ្ជាក់ដែរថា ទោះបីកំឡុងវិបត្តិកូវីដ-១៩ តែនិស្សិតរៀនជំនាញមួយនេះ មិនមានការថមថយនោះទេ ដោយសារពួកគេមានទស្សនវិស័យរៀងៗខ្លួន គួបផ្សំនឹងការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ទម្រាំពួកគេរៀនចប់ ជំងឺរាតត្បាតសកលមួយនេះ នឹងអាចគ្រប់គ្រងបាន ហើយជាក់ស្ដែងពិតជាដូច្នោះមែន ។
មុខវិទ្យាទេសចរណ៍ គឺមានជម្រើសការងារច្រើន ទាំងនៅស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន អង្គការ ឬការបើកអាជីវកម្មរកស៊ីផ្ទាល់ខ្លួន ។ ដូច្នេះការសិក្សាជំនាញនេះ ពិតជាសមស្របទៅនឹងបរិបទទូទៅ ពិសេសក្នុងដំណាក់កាលស្ដារឡើងវិញ នៃវិស័យទេសចរណ៍ គឺជាឱកាសល្អ សម្រាប់និស្សិតក្រោយបញ្ចប់ការសិក្សា ក្នុងការស្វែងរកការងារ និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទាក់ទាញទេសសចរជាតិ និងអន្ដរជាតិផងដែរ ។
លោកស្រីបានសង្កត់ធ្ងន់ថា «និយាយរួម ការរីកចម្រើន នៃវិស័យទេសចរណ៍ លុះត្រាប្រទេសជាតិ មានសុខសន្ដិភាព និងអត់មានសង្គ្រាម ហើយក៏អត់មានជំងឺឆ្លងដែរ ។ បើយើងរក្សាបាននូវសន្ដិភាព គឺទេសចរណ៍ គាត់មកហើយ ។ ក្រឡេកមកចាប់អារម្មណ៍កម្ពុជាយើង ក្រោមការដឹកនាំត្រឹមត្រូវរបស់រាជរដ្ឋាភិបាល សន្ដិភាពក៏យើងមាន ហើយជំងឺឆ្លង ក៏យើងគ្រប់គ្រងបាន ។ ដូច្នេះវិស័យទេសចរណ៍ យើងនឹងកាន់តែរីកចម្រើន ហើយនិស្សិតទេសចរណ៍ទាំងអស់ នឹងក្លាយជាផ្នែកមួយ ដើម្បីរួមចំណែកស្ដារវិស័យទេសចរណ៍ឡើយវិញ» ៕