(បាត់ដំបង)៖ លោក ផាន់ ហៃ អនុប្រធានប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ចំការសំរោង និងក្រុមការងារ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តដឹកនាំសមាជិក សមាជិកាគណបក្ស ចុះធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៅក្នុងភូមិសាស្រ្តសង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

នាក្នុងឱកាសយុទ្ធនាការឃោសនាបោះឆ្នោតនេះ អនុប្រធានក្រុមការងារបក្សចុះជួយបក្សឃុំចំការចំការសំរោង បានថ្លែងអំណរគុណសមាជិក សមាជិកាបក្ស និងអ្នកគាំទ្របក្សនៅក្នុងសង្កាត់ចំការសំរោងទាំងអស់ ដែលបានគាំទ្រ ជឿទុកចិត្តលើគណបក្ស និងបានចូលរួមគាំទ្រការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០២២កន្លងមក និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣នេះ និងបានផ្សព្វផ្សាយគោល នយោបាយរបស់គណបក្ស ប្រជាជនកម្ពុជា ដល់អ្នកគាំទ្រគណបក្សបានយល់ច្បាស់ ដើម្បីបន្តធ្វើការអភិវឌ្ឍប្រទេសជាតិ, បង្ហាញពីសមិទ្ធផលនានា ដែលសម្រេចបានក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ទន្ទឹមគ្នានេះ លោក ផាន់ ហៃ ក៏បានអំពាវនាវឱ្យសមាជិកគណបក្សទាំងអស់ ត្រៀមទៅបោះឆ្នោតដោយមានអត្តសញ្ញាណប័ណ្ណ និងឯកសារពាក់ព័ន្ធដើម្បីយកទៅបោះឆ្នោតនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា​។ លើសពីនេះខុសពីថ្ងៃយុទ្ធនាការឃោសនានេះ គឺថ្នាក់ដឹកនាំក្រុមការងារ សកម្មជនក្នុងមូលដ្ឋាន បានចុះបង្ហាត់ បង្ហាញពីរបៀបគូសសន្លឹកឆ្នោតជាប្រចាំ ដល់ប្រជាពលរដ្ឋយើងចេះចាំស្ទាត់បានត្រឹម​ត្រូវ​ព្រមទាំងឱ្យសមាជិកម្នាក់ៗ គូសសាកល្បងលើសន្លឹកឆ្នោត គឺគូសបានត្រឹមត្រូវទាំងអស់គ្នា និងបង្ហាញលេខរៀងគណបក្សទី១៨ នៅចុងក្រោយគេស្រួលចំណាំ និងមានរូបទេវតាបាចផ្កាជានិមិត្តសញ្ញាទៀតផង។

លោកបានបន្តថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ស្មើនឹងបោះឆ្នោតឱ្យខ្លួនឯង ហើយបានផ្តល់ជូនថ្នាក់ដឹកនាំកំពូល គឺសម្តេចតេជោ ហ៊ុន សែន បានធ្វើជានាយករដ្ឋមន្រ្តី បន្តដឹកនាំប្រទេសជាតិ ដោយបានកសាង អភិវឌ្ឍន៍ រក្សាការពារ សុខសន្តិភាពជូនប្រជាពលរដ្ឋរស់នៅបានសុខសាន្ត បានយូរអង្វែងតទៅដល់កូនចៅជំនាន់ក្រោយៗទៀត៕