(កំពង់ឆ្នាំង)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានចុះទៅតាមបណ្ដាភូមិមួយចំនួនក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដើម្បីធ្វើការសំណេះសំណាល និងរំលឹកបន្ថែមអំពីកាលបរិច្ឆេទនៃការបោះឆ្នោត និងពន្យល់បន្ថែមអំពីលេខរៀងរបស់គណបក្សប្រជាជនកម្ពុជា ដោយត្រូវគូសឱ្យចំនៅលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ។

លោក ហ៉ឹង ចូច ដែលជាប្រធាន បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋក្នុងការបន្តការគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងឈរនៅលេខរៀងទី១៨ ពិសេសពន្យល់ដល់ប្រជាពលរដ្ឋអំពីការគូសសន្លឹកឆ្នោតដោយត្រូវគូសលើសន្លឹកឆ្នោតអោយបានត្រឹមត្រូវតាមច្បាប់កំណត់របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។

ខណៈនោះដែរ លោកក៏បានថ្លែងទៅប្រជាពលរដ្ឋដោយរំលឹក និងបង្ហាញជូនដល់សមាជិកសមាជិកា និងប្រជាពលរដ្ឋអំពីសមិទ្ធផលនានាជាច្រើន ដែលរាជរដ្ឋាភិបាលបានកសាង និងអភិវឌ្ឍកន្លងមក ក្នុងនោះមានទាំងមន្ទីរពេទ្យ, មណ្ឌលសុខភាព, សាលារៀន ចាប់ពីថ្នាក់មតេយ្យដល់ថ្នាក់ឧត្តមសិក្សា, វត្តអារាម,។ល។ ពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពានឆ្លងទន្លេធំតូចស្ទើរគ្រប់ទីកន្លែង ដែលជាស្នាដៃរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកបានលើកឡើងទៀតថា ចំពោះការអភិវឌ្ឍ រាជរដ្ឋាភិបាល បាននិងកំពុងដាក់នូវគម្រោងក្នុងការអភិវឌ្ឍលើគ្រប់វិស័យជាច្រើនទៀត នៅទូទាំងប្រទេស។ ដោយឡែក សម្រាប់ខេត្តកំពង់ឆ្នាំង រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន នឹងមានគម្រោងនៃការស្ថាបនាស្ពានឆ្លងទន្លេ ពីក្រុងកំពង់ឆ្នាំងទៅកាន់ស្រុកកំពង់លែង ដែលមានប្រវែងជិត ៣ពាន់ម៉ែត្រ ដោយឆ្លងទន្លេចំនួន៣ ដែលនឹងត្រូវស្ថាបនានៅឆ្នាំក្រោយនេះផងដែរ។

សម្តេចតេជោ ធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើ ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ឬដឹកកសិផលផ្សេងៗឆ្លងកាត់ពីខេត្តកំពង់ឆ្នាំង ទៅតាមបណ្ដាខេត្តនានា ដូចជាខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តព្រះវិហារ, ខេត្តកំពង់ចាម, និងខេត្តជាច្រើនទៀតនៅភាគខាងកើត ដោយមិនមានការលំបាកនឹងធ្វើដំណើរតាមផ្លូវវាងឆ្លងស្ពានព្រែកក្តាមទៀតនោះឡើយ។

លោកបានលើកឡើងបន្ថែមទៀតថា ការរីកចម្រើនលើគ្រប់វិស័យនាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋក៏បានឃើញច្បាស់ផ្ទាល់នឹងភ្នែកស្រាប់ហើយ ទាំងការរស់នៅប្រកបដោយសុខសន្តិភាព ទាំងការរីកចម្រើនចំពោះសមិទ្ធផលនានា ទាំងអស់នេះក៏ដោយសារក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ តាំងពីការរំដោះប្រទេសពីរបបប្រល័យពូជ សាសន៍ ប៉ុល ពត ហើយបង្កើតឲ្យមានសុខសន្តិភាព និងធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពសម្បូរសប្បាយមកដល់ពេលបច្ចុប្បន្ននេះ មិនតែប៉ុណ្ណោះគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន ក៏នឹងបន្តការការពារសុខសន្តិភាព នឹងធ្វើការអភិវឌ្ឍប្រទេសជាតិឲ្យរឹតតែមានភាពរីកចម្រើនសម្បូរសប្បាយជាបន្តទៀតផងដែរ។

ហេតុនេះប្រជាពលរដ្ឋកុំភ្លេចអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០ ២៣ខាងមុខនេះ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ មានរូបសញ្ញាទេវតាបាចផ្កានោះប្រទេសជាតិ នឹងមានសុខសន្តិភាព និងការអភិវឌ្ឍ៕