(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣ លោក កែប ជុតិមា លោកស្រី គ្រួច សំអាន និងលោកបណ្ឌិត លី ឆេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាក្រុមការងារគណបក្ស ចុះមូលដ្ឋានខណ្ឌដង្កោ បានបន្តអញ្ជើញដឹកនាំដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ លើកទី៣ ក្នុងមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ម៉ៃ ម៉ុន ប្រធានគណៈកម្មាធិការគណបក្សខណ្ឌដង្កោ និងលោកស្រី គឹម ញឹប អនុប្រធានគណៈកម្មាធិការគណបក្សខណ្ឌ និងជាអភិបាលនៃគណៈអភិបាលខណ្ឌដង្កោ រួមជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ ចូលរួមប្រមាណជាង ២,០០០នាក់ ផងដែរ។

ក្នុងឱកាសនេះដែរ លោកប្រធាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។ ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» មានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងសូមគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃ នៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្ស ប្រជាជនមួយសំឡេង គឺដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍ និងអនាគតកូនចៅជំនាន់ក្រោយ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ៕