(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់សញ្ញាបត្រដោយផ្ទាល់ ជូននិស្សិតជ័យលាភីថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់ បច្ចេកទេសធនាគារចំនួន៤ជំនាន់រួមមាន ជំនាន់ទី២៦ ទី២៧ ទី២៨ និងទី២៩ នៃមណ្ឌលសិក្សាបច្ចេកទេសធនាគារចំនួន៤៥០រូប។
ការប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់ បច្ចេកទេសធនាគារចំនួន ៤៥០រូប ធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។
លោក ជា ចាន់តូ បានថ្លែងអបអរសាទរ និងកោតសរសើរចំពោះក្មួយៗ និស្សិតជ័យលាភីទាំង៤៥០រូប ដែលបានខិតខំសិក្សាស្រាវជ្រាវបញ្ចប់ការសិក្សា ដោយជោគជ័យគួរជាទីមោទនៈ លទ្ធផលដ៏ធំធេងនេះ ជាសមិទ្ធផលរួមកើតឡើងដោយសារ មានការចូលរួមយ៉ាងសកម្ម ពីក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិកសិក្សានៃមណ្ឌលសិក្សាបច្ចេកទេសធនាគារ ជាពិសេសដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ មាតាបិតា អាណាព្យាបាល និងក្រុមគ្រួសារ ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់ពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការធ្វើបច្ចុប្បន្នកម្មគោលនយោបាយអប់រំជាតិ និងការធ្វើកំណែទម្រង់កម្មវិធីសិក្សាបុរេសកម្មសំដៅអភិវឌ្ឍយុវជនកម្ពុជាឱ្យមានសមត្ថភាព និងជំនាញវិជ្ជាជីវៈខ្ពស់ឱ្យឆ្លើយតបនឹងតម្រូវការនៃការងារ និងដំណាក់កាលរីកចម្រើននៃសេដ្ឋកិច្ច និងសង្គមជាតិ ដែលប្រទេសកំពុងសម្របខ្លួន ចាប់យកកាលានុវត្តភាពនៃការរីកចម្រើនឥតឈប់ឈរ ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។
លោកបានបន្ដថា រាជរដ្ឋាភិបាលបានកំណត់ថា ការអភិវឌ្ឍធនធានមនុស្ស ជាគោលនយោបាយយុទ្ធសាស្រ្តរយៈពេលវែង ធនធានមនុស្ស គឺជាទ្រព្យសកម្មរបស់ជាតិ ជាកត្តាកំណត់ និងជាមធ្យោបាយគន្លឹះសម្រាប់គ្រប់ដំណើរការការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមព្រោះថា គ្រប់អ្វីៗទាំងអស់នឹងមិនអាចដំណើរការ បានប្រកបដោយគុណភាព ប្រសិទ្ធផល និងប្រសិទ្ធភាពឡើយ បើពុំមានធនធានមនុស្សដែលមានគុណវឌ្ឍិខ្ពស់ ជំនាញរឹង និងទន់ ចំណេះដឹងផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ។ ធនធានមនុស្សដ៏សម្បូរបែប គឺជាបុរេលក្ខខណ្ឌចាំបាច់ ដើម្បីកំណត់ជោគជ័យជូនជាតិ ។
ជាមួយគ្នានេះការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា បច្ចុប្បន្នបានផ្សារភ្ជាប់ និងតម្រូវការមូលធនមនុស្ស និងការបណ្ដុះបណ្ដាលធនធានមនុស្សឱ្យមានចំណេះដឹង មានសមត្ថភាពខ្ពស់ភាពឆ្នៃប្រឌិត សហគ្រិនភាព នវានុវត្តន៍ និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដើម្បីគាំទ្រដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ក្នុងន័យនេះការអប់រំ ក្នុងគោលដៅសម្រាប់ឆ្នាំ២០៣០ ត្រូវផ្ដោតសំខាន់លើការផ្ដល់សេវាប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ននៅគ្រប់កម្រិតសិក្សារួមទាំង ការអប់រំបច្ចេកទេស និងជំនាញវិជ្ជាជីវៈ ជាពិសេសការសិក្សាពេញមួយជីវិត ដើម្បីបង្កើនប្រសិទ្ធភាព ផលិតភាពការងារស្របតាមយុគសម័យឈានមុខ ដោយបច្ចេកវិទ្យាសម្រាប់គាំទ្រកំណើនសេដ្ឋកិច្ច ភាពសុខុដុមជីវិតបុគ្គល និងវិបុលភាពនៃសេដ្ឋកិច្ច-សង្គមជាតិ។
លោក ជា ចាន់តូ បានបញ្ជាក់ថា ដើម្បីរួមចំណែកលើកកម្ពស់គុណភាព វិស័យអប់រំ និងបន្តអភិវឌ្ឍខ្លួនរបស់ក្មួយៗជ័យលាភីទាំងអស់ សូមលើកទឹកចិត្ត និងផ្ដល់នូវទស្សនៈមួយចំនួនដូចខាងក្រោម៖
១៖ ចូរក្មួយៗបន្តខិតខំរៀនសូត្រជាប្រចាំ ដើម្បីអភិវឌ្ឍសមត្ថភាព និងជំនាញឲ្យកាន់តែរីកចម្រើមបន្ថែមទៀត និងឲ្យដើរទាន់ការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ នៃសេដ្ឋកិច្ចជាតិ តំបន់ និងសកលលោក ក្នុងយុគសម័យសេរីភាវូបនីយកម្ម និងការប្រកួតប្រជែងខាងសេដ្ឋកិច្ចផ្អែកលើពុទ្ធិ និងព័ត៌មានវិទ្យា ដូចសុភាសិតរបស់លោក សូក្រាត ទស្សនវិទូបុរាណក្រិច មួយបានពោលថា «បើខ្ញុំនៅមានជីវិត ខ្ញុំនៅតែសិក្សាជាប្រចាំ»។
២៖ ចូរក្មួយៗយកចំណេះដឹងនេះ ទៅប្រើប្រាស់ ជាគុណប្រយោជន៍ចំពោះគ្រួសារ សហគ្រាស និងក្រសួងស្ថាប័ន ដើម្បីរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ស្របតាមគោលនយោបាយរាជដ្ឋាភិបាល មានសម្តេចតេជោនាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំ។ ក្មួយៗត្រូវចាំថា កិច្ចការធំសំខាន់ផ្តើមចេញពីកិច្ចការងារស្រួល សូមកុំប្រមាទកិច្ចការងារស្រួលឱ្យសោះ។
ទន្ទឹមនេះត្រូវមានក្តីសង្ឃឹមក្នុងជីវិតជានិច្ចដូចពាក្យរបស់ លោក មហាត្មៈគន្ធី បានពោលថា «យើងទាំងអស់គ្នាត្រូវមានក្តីសង្ឃឹមជានិច្ច ហើយអ្វីៗនឹងមកដល់នៅចំពេលវេលារបស់វា» ទស្សនវិជ្ជាបស្ចិមលោកក៏បានលើកឡើងថា ត្រូវធ្វើការផ្ដោតសំខាន់ទៅលើដំណើរជា ជាងគោលដៅរបស់អ្នក, ភាពសប្បាយរីករាយមិនបានមកពេលដែលបានបញ្ចប់សកម្មភាពមួយនោះទេ តែបានមកនៅពេលដែលអ្នកកំពុងធ្វើវា ក្នុងន័យនេះក្នុងដំណើរជីវិតរបស់ក្មួយៗ ត្រូវធ្វើដំណើរដោយដកដង្ហើមមួយៗ គិតឲ្យបានវែងឆ្ងាយ គ្រប់ជ្រុងជ្រោយ និងប្រកបដោយការទទួលខុសត្រូវ នៅទីបញ្ចប់ក្មួយៗនឹងទទួលបានជោគជ័យប្រកបដោយផ្លែផ្កា។
៣៖ យុវជនមានតួនាទីសំខាន់ក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដូចពាក្យចាស់បុរាណពោលថា «ទំពាំងស្នងឬស្សី យុវជនប្រុសស្រីជាអ្នកស្នងជាតិ» និង «បុរសសេដ្ឋោ ស្រ្តីសេដ្ឋា រស់នៅរដ្ឋាណា រដ្ឋនោះសេដ្ឋំ» មានន័យថា យុវជនប្រុសស្រីជាអ្នកបន្តវេនទៅអនាគត មានតួនាទីសំខាន់ក្នុងការចូលរួមកសាង និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ធនធានយុវជនក្រៅពីមានកម្លាំងពលំមាំមួន ត្រូវមានប្រាជ្ញាជាពុទ្ធិ ដើម្បីធ្វើជាពលរដ្ឋល្អចូលរួមក្នុងសកម្មភាពមនុស្សធម៌ កិច្ចការសង្គម សេដ្ឋកិច្ច និងត្រូវបណ្ដុះមនសិការស្នេហាជាតិ ចំពោះមាតុភូមិរបស់ខ្លួន ប្រកបស្មារតីបរិសុទ្ធ មានសមត្ថភាព មានគុណធម៌ និងមានឆន្ទៈមោះមុត ក្នុងការថែរក្សាសន្តិភាពឲ្យបានគង់វង្សជារៀងដរាប ជាភស្តុតាងក្នុងប្រវត្តិសាស្រ្តជាក់ស្ដែង ខ្ញុំក៏ធ្លាប់ជាយុវជនដូចក្មួយៗ ធ្លាប់ធ្វើជាយុវជនចលនារណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា២ធ្នូ ក្នុងគោលបំណងសំខាន់បំផុត ដើម្បីប្រមូលផ្ដុំយុវជនពីគ្រប់ទិសទី ជាមហាកម្លាំងសាមគ្គីធ្លុង ដើម្បីចូលរួមក្នុងបុព្វហេតុរំដោះប្រទេសជាតិ និងសង្គ្រោះប្រជាជនកម្ពុជាឲ្យរួចពី ការកាប់សម្លាប់នៃរបបខ្មែរក្រហមនៅថ្ងៃ៧ មករា ១៩៧៩ និងដើម្បីការពារ កសាង និងអភិវឌ្ឍប្រទេសកម្ពុជាក្នុងមុំសន្តិភាព ជាមួយនឹងឯករាជ្យភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមយើង៕