(កំពង់ធំ)៖ លោក ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាង ១០០០នាក់ ហែក្បួនយុទ្ធនាការឃោសនារក សំឡេងឆ្នោត នៅក្នុងក្រុងស្ទឹងសែន។
លោក ពេញ កែម ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងស្ទឹងសែន បានថ្លែងថា ការហែក្បួនយុទ្ធនាការឃោសនារកសំឡេងឆ្នោត គឺដើម្បីផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលនានារបស់ រាជរដ្ឋាភិបាល និងបានផ្តាំផ្ញើដល់សមាជិកគណបក្ស និងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមពិនិត្យ និងត្រៀមអត្តសញ្ញាណបណ្ណរបស់ខ្លួន និងឯកសារបម្រើឱ្យការបោះឆ្នោតឱ្យបានរួចរាល់ ព្រមទាំងបានអំពាវនាវ សមាជិកគណបក្ស និងប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កា នៅលើសន្លឹកឆ្នោតជាសម្គាល់ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីពេលអនាគត។
លោកបន្តថា «បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមក្នុងការការពារសុខសន្តិភាព ស្ថិរភាពសង្គម និងការពារសមិទ្ធផលនានារបស់កម្ពុជា ទុកជូនកូនចៅជំនាន់ក្រោយ»។
ជាមួយគ្នានេះ តំណាងយុវជនដែលបានចូលរួមឃោសនាបានបង្ហាញពីការគាំទ្រគណបក្សប្រជាជន ពិសេសបានលើកឡើងពីការអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យក្រមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ។
តំណាងយុវជន បានប្តេជ្ញាចិត្តគាំទ្រសម្តេចតេជោ ដោយមិនមានការបង្ខិតបង្ខំ ឬគាប់សង្កត់នោះទេ និងបានអំពាវនាវឱ្យយុវជន បន្តការជឿជាក់ថាគណបក្សប្រជាជនមិនបោកប្រាស និងមិនភូតកុហក់នៅអ្វីដែលគណបក្ស បានធ្វើនោះទេ។
គួរបញ្ជាក់ថា ពិធីដង្ហែក្បួនយុទ្ធនាការឃោសនារកសំឡេងឆ្នោតមានសមាជិកជាង ១០០០នាក់ កង់១០០គ្រឿ ម៉ូតូ ៥៦៧គ្រឿង រថយន្ដ ៦៣ គ្រឿង ឧបករណ៍បំពងសំឡេង ចំនួន ៩ គ្រឿង ដោយហែក្បួនឃោសនាជំវិញក្រុងស្ទឹងសែនដែលមាន៨សង្កាត់៕