(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានទទូចឲ្យ ឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជនអគតិដែលមានបំណងញុះញង់ ដើម្បីបំផ្លាញសន្លឹកឆ្នោត។
ការលើកឡើងបែបនេះ របស់លោក ហ៊ុន ម៉ានី អនុប្រធានទី០១ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ឃុំត្រពាំងជោ និងឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៣។
នាឱកាសនោះ លោក ហ៊ុន ម៉ានី បានថ្លែងថា កន្លងមក មានជនឆ្លៀតឱកាសមួយចំនួន ដែលបានតាំងខ្លួនជាគណបក្សប្រជាជនកម្ពុជា ពាក់អាវគណបក្សប្រជាជន បានចុះបង្រៀនប្រជាពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោតគំរូតាមខ្នងផ្ទះ និងអនុវត្តយុទ្ធនាការបំផ្លាញសន្លឹកឆ្នោត។ ដោយឡែកថ្មីៗនេះ មានបុគ្គលអគតិម្នាក់ បានដើរតួជាសមាជិកគណបក្សប្រជាជន បានគូសជ្រើសរើសបក្សដល់ទៅ៤ ក្នុងគោលបំណងបំផុសបំផុលយុទ្ធនាការបំផ្លាញសន្លឹកឆ្នោត ដើម្បីឱ្យក្លាយទៅជាសន្លឹកឆ្នោតមិនបានការ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតដែលក្រុមការងារចុះណែនាំ ពន្យល់ពីរបៀបគូសសន្លឹកឆ្នោត តាមរយៈសន្លឹកឆ្នោតគំរូ។ ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា យោងតាមបទពិសោធកាលពីឆ្នាំ ២០១៨ យើងមានឆ្លងកាត់ហើយគឺមានជនអគតិមួយចំនួនឃោសនា និងអនុវត្តយុទ្ធនាការដេកផ្ទះឈ្នះឯងជាដើម។
បន្ថែមពីនេះ លោក ហ៊ុន ម៉ានី សូមឱ្យបងប្អូនជឿជាក់លើគណបក្សប្រជាជន និងយល់ច្បាស់ពីរបៀបគូសសន្លឹកឆ្នោត។ លោកថាដែលគិតពីថ្ងៃនេះ រហូតដល់បោះឆ្នោតអាចនឹងមានជនអគតិមួយចំនួននឹងចុះឃោសនាបោកប្រាស់ ដើរតួជាគណបក្សប្រជាជន ដើម្បីធ្វើការបំផុសបំផុលឱ្យប្រជាពលរដ្ឋមានការភាន់ច្រលំក្នុងការគូសសន្លឹកឆ្នោត។
ដូចនេះ លោក ហ៊ុន ម៉ានី បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យមានការចាញ់បោកការឃោសនាក្នុងចេតនាអាក្រក់ណាមួយ៕