(បាត់ដំបង)៖ លោក ស រដ្ឋា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន៣សង្កាត់ គឺសង្កាត់ស្វាយប៉ោ សង្កាត់អូរចា សង្កាត់ទួលតាឯក ក្នុងក្រុងបាត់ដំបង ដោយក្បួនម៉ូតូចំនួន ៧៥០គ្រឿង និងមានអ្នកចូលរួមសរុបចំនួន ១,៦៥០នាក់។

នាឱកាសនោះដែរ លោក ស រដ្ឋា បានអំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំនាវាកម្ពុជាក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនបន្ថែមទៀតតាមគោលនយោបាយ ដែលបានដាក់ចេញដោយគណបក្សប្រជាជនកម្ពុជា។

នៅក្នុងឱកាសនេះ លោក ស រដ្ឋា និងក្រុមការងារគណបក្ស សមាជិកគណបក្ស និងប្រជាពលរដ្ឋនៅសង្កាត់ទាំង៣ បានប្ដេជ្ញាចិត្តបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត ដើម្បីបន្តដឹកនាំកម្ពុជា ក្នុងសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើន រុងរឿងលើគ្រប់វិស័យបន្តទៀត។

លោកបានរម្លឹកពីសមិទ្ធផលធំៗជាប្រវត្តិសាស្ត្ររបស់កម្ពុជាដែលសម្រេចបានក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ ជាពិសេសផ្តើមចេញពីសមិទ្ធផលជ័យជម្នះ ៧មករា ១៩៧៩ និងតាមរយៈគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវការបង្រួបបង្រួមជាតិផ្សះផ្សារជាតិ និងបាននាំមកនូវសុខសន្តិភាពពេញលេញ រស់នៅក្រោមដំបូលសន្តិភាពតែមួយ រួមគ្នាអភិវឌ្ឍប្រទេសជាតិរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះរាជរដ្ឋាភិបាលក៏បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យអប់រំ និងវិស័យផ្សេងៗទៀតក្នុងទូទាំងប្រទេសមិនអាចនឹងគណនាបាន៕