(បន្ទាយមានជ័យ)៖ លោក សេរី កុសល តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ និងក្រុមការងារចុះជួយស្រុកភ្នំស្រុក នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តចុះសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ នៅភូមិកំពីងពួយ និងភូមិពន្លៃ នៃឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្ដបន្ទាយមានជ័យ ដោយមានការចូលរួម ពីប្រជាពលរដ្ឋប្រមាណជាង៥០០នាក់។
ការចុះសំណេះសំណាលនេះ ធ្វើឡើងក្នុងគោលបំណង ចុះសួរសុខប្រជាពលរដ្ឋ និងបង្រៀនរបៀបគូសក្នុងសន្លឹកឆ្នោត និងបង្ហាញពីសមិទ្ធផល ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន ដោយមិនមានគណបក្សណាបាន កសាងដូចគណបក្សប្រជាជនឡើយ។
ការសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីបងប្អូនដែលមកពីគណបក្សផ្សេងទៀត បានមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនោះ លោក សេរី កុសល ក៏បានលើកឡើងអំពីអាងត្រពាំងថ្ម ដែលជាអាងប្រវិត្ដសាស្ដ្រមួយដ៏ធំជាងគេ នៅក្នុងប្រទេសកម្ពុជា ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ផ្ដល់នូវផ្លូវដោយចាក់បេតុង ប្រវែង២៤គីឡូម៉ែត្រ និងជាប្រវិត្ដសាស្ដ្រ ដោយគ្មានអាងណាចាក់ផ្លូវបេតុងបែបនេះទេ។
លោក សេរី កុសល បានលើកឡើងទៀតថា អាងត្រពាំងថ្មនេះ នៅពេលដែលចាក់បេតុង គឺធានាឲ្យប្រជាពលរដ្ឋ លែងភ័យបារម្ភពីរឿងគ្រោះថ្នាក់បាក់អាងដោយសារទឹកជំនន់ទៀតឡើយ។
លោកបន្តថា បើសិនជាអាងទឹកត្រពាំងថ្មនេះបាក់មិនត្រឹមតែប្រជាពលរដ្ឋនៅស្រុកភ្នំស្រុកប៉ុណ្ណោះទេ ប្រជាពលរដ្ឋនៅស្រុកព្រះនេតព្រះ និងស្រុកផ្សេងទៀតដែលនៅក្រោមរហូតដល់តំបន់ទន្លេសាប នឹងត្រូវរងគ្រោះដោយទឹកជំនន់ ដូច្នេះហើយកាលដែលសម្តេចតេជោ ហ៊ុន សែន សម្រេចចាក់បេតុងជាង ២៤គីឡូម៉ែត្រនេះ គឺជារឿងដែលគ្មាននរណាមួយនឹកឃើញដល់ ហើយប្រវត្តិសាស្ត្រក៏មិនដែលមានឡើងនាពេលកន្លងមក។
ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា ក៏បានបង្ហាញបេក្ខភាពបន្តវេន លោកបណ្ឌិត ហ៊ុន ម៉ាណែត ដោយមិនមានគណបក្សណា ហ៊ានបង្ហាញបែបនេះឡើយ។
លោក សេរី កុសល បានជម្រាបអំពីមូលហេតុដែលបងប្អូនប្រជាពលរដ្ឋ ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ គឺក្នុងកាលៈទេសៈនេះ មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការថែរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលធ្វើឲ្យប្រជាជន មានជីវភាពរីកចម្រើន។
ពិធីសំណេះសំណាលនេះ បានបញ្ចប់ទៅភាពរីករាយ ហើយក៏មានការហូបនំបញ្ចុក និងការ៉េមកី រួមគ្នា ដើម្បីបង្ហាញពីការសាមគ្គីភាព និងមិត្តភាពផងដែរ៕