(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ចំថ្ងៃទី១៥ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ លោក មាស​ វិរិទ្ធ​ អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងបាត់ដំបង និងជាអនុប្រធាន ក្រុមការងារចុះមូលដ្ឋានសង្កាត់វត្តគរ​ ដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជាចំនួនជាង៤០០នាក់ ហែក្បួនឃោសនារកសំឡេងឆ្នោត​ក្នុងមូលដ្ឋានសង្កាត់វត្តគរ​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​។

ការហែក្បួននេះមានការអញ្ជើញចូលរួមពីលោក​ ទឹម​ វណ្ណា​ លោក​ លឹម​ តុងហួត​ អនុប្រធានក្រុមការងារ​ចុះមូលដ្ឋានក្រុងបាត់ដំបង​ ព្រមទាំងអស់លោក​ លោកស្រីជាតំណាងក្រុមការងារគ្រប់ថ្នាក់ នៃសង្កាត់វត្តគរ​ ក្រុងបាត់ដំបង។

ក្នុងពិធីហែក្បួនោះ​ ក្រុមការងារចុះមូលដ្ឋានបានឆ្លៀតចុះជួបសំណេះសំណាល​ និងគូសសន្លឹកឆ្នោតជាមួយប្រជាពលរដ្ឋពោរពេញដោយក្តីរីករាយស្និទ្ធស្នាល​ និងលោកសូមអំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំនាវាកម្ពុជាក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនបន្ថែមទៀតតាមគោលនយោបាយ ដែលបានដាក់ចេញដោយគណបក្សប្រជាជនកម្ពុជា។

ជាការឆ្លើយតបទៅក្រុមការងារពីសំណាក់ប្រជាពលរដ្ឋនៅភូមិវត្តគរ និងភូមិច្រាបក្រសាំង នៃសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានសម្តែងភាពសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ។ ប្រជាពលរដ្ឋបានប្តេជ្ញាគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍប្រទេសជាតិនៅក្នុងអាណត្តិថ្មីបន្តទៀត​៕