(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងលោកវេជ្ជបណ្ឌិត សេង សុជា ព្រមទាំងសហការីទាំងអស់នៃមន្ទីរពេទ្យបង្អែក ប្រតិបត្តិស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ជា ចាន់តូ ទេសាភិបាធនាគេជាតិនៃកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ធំ ដែលបានសាងសង់អគារមន្ទីរពេទ្យដើម្បីការបង្កើនការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកអភិបាលស្រុក និងបុគ្គលិកនៃមន្ទីរពេទ្យបង្អែកស្ទោងគ្រប់រូប បានបន្ថែមថា ដោយសារកត្តាសុខសន្តិភាព និងការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសប់របស់សម្ដេចតេជោ ក៏ដូចជាការយកចិត្តទុកដាក់ពីលោកបណ្ឌិត ជា ចាន់តូ ដល់សុខុមាលភាពសាធារណៈក៏ដូចជាប្រជាពលរដ្ឋទូទាំងស្រុកស្ទោងទាំងមូល ទើបលោកបណ្ឌិតបានសាងសង់នៅអគារសុខាភិបាលថ្មីនៅក្នុងមន្ទីរពេទ្យបង្អែកស្ទោង ដែលមានកម្ពស់ពីរជាន់មានទទឹង ១៥ម៉ែត្រ បណ្ដោយ ៤៥ម៉ែត្រ និងមានបន្ទប់ចំនួន ៤៨បន្ទប់ ដោយមានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាសុខាភិបាលទំនើបៗ។

លោកវេជ្ជបណ្ឌិត សេង សុជា បានឱ្យដឹងថា បន្ទាប់ពីអគារសុខាភិបាលដែលមិនអាចកាត់ថ្លៃបានមួយនេះសាងសង់រួចរាល់ និងបំពាក់នូវបច្ចេកវិទ្យារួចរាល់នោះនឹងជួយបម្រើឱ្យវិស័យសុខាភិបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្ទោង ក៏ដូចជាការផ្ដល់សេវាទូទៅជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាពិសេសលោកក៏បានអំពាវនាវប្រជាពលរដ្ឋដែលមានបណ្ណសមធម៌ ឬក៏បណ្ណក្រីក្រសូមអញ្ជើញមកទទួលសេវានៅក្នុងមន្ទីរពេទ្យបង្អែកប្រតិបត្តិស្រុកស្ទោង គឺការផ្ដល់សេវាមិនគិតថ្លៃឡើយ។

លោក សាយ គឹមឡម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកប្រធានមន្ទីរពេទ្យបង្អែក ក៏ដូចជាលោកវិជ្ជបណ្ឌិត លោកស្រីវេជ្ជបណ្ឌិតគ្រូពេទ្យទាំងអស់ នៃមន្ទីរពេទ្យបង្អែកប្រតិបត្តិស្រុកស្ទោង ដែលបានខិតខំថែរក្សា និងព្យាបាលអ្នកជំងឺ ប្រជាពលរដ្ឋទូទៅដែលបានមកទទួលសេវានៅក្នុងមន្ទីរពេទ្យនេះឱ្យបានជាសះស្បើយ នេះជាការផ្ដល់សេវាឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីលើកកម្ពស់វិស័យសុខភិបាលក៏ដូចជាកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋផងដែរ៕