(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីសំណេះសំណាលជាមួយសមាជិក និងប្រជាពលរដ្ឋនៅក្រុងសិរីសោភ័ណ ចំថ្ងៃទី១៥ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលមានអ្នកចូលរួម២៥០០នាក់។
ថ្លែងក្នុងនាម គណបក្សប្រជាជនកម្ពុជា នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សូមប្តេជ្ញាចំពោះមុខជនរួមជាតិ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាថា បន្តរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍមាតុភូមិធានា សុខុដុមរមនាក្នុងសង្គម ការលើកកម្ពស់ជីវភាពប្រជាជន បន្តរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ដិភាពសង្គមរឹងមាំ បន្តផ្ដល់សេវាសាធារណៈនៅគ្រប់ថ្នាក់ប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព និងងាយស្រួល ការពារដាច់ខាតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជាការពារលើកស្ទួយសេរីភាព សមភាព និងយុត្តិធម៌ក្នុងសង្គម ការពារសម្បត្តិវប្បធម៌ បរិស្ថាន និងធនធានធម្មជាតិដោយចីរភាព។
ជាមួយគ្នានោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្ថែមដោយអំពាវនាវដល់បងប្អូនជនរួមជាតិ សមាជិក សមាជិការគណបក្សប្រជាជននិងប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសំគាល់ និងមានលេខរៀងទី១៨ ក្នងសន្លឹកឆ្នោតឲ្យបានគ្រប់ៗគ្នា នៅតាមការិយាល័យបោះឆ្នោតក្នុងភូមិ ឃុំ សង្កាត់របស់ខ្លួនកុំបីអាក់ខាននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីជ្រើសតាំង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។ មានគណបក្សប្រជាជន គឺមានសុខសន្តិភាពនិងការអភិវឌ្ឍ៕