(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តដឹកនាំសមាជិក សមាជិកា ដង្ហែក្បួនឃោសនាស្វែងរកសំឡេងឆ្នោត ជុំវិញមូលដ្ឋានខណ្ឌសែនសុខ។
ក្នុងនោះក៏មានការចូលរួមពី លោក ម៉ូវ ម៉ានិត ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌសែនសុខផងដែរ។
កំលុងពេលនៃការឃោសនារកសម្លេងឆ្នោតនេះ លោក ម៉ម ប៊ុនហេង បានចុះផ្សព្វផ្សាយគោលនយោបាយបក្ស និងបង្រៀនគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ គ.ជ.ប ដល់ប្រជាពលរដ្ឋ អាជីករលក់ដូរតាមផ្សារ បុគ្គលិកក្រុមហ៊ុននានា នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។
គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕