(កំពង់ធំ)៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ លោក សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានឃុំបន្ទាយស្ទោង បានដឹកនាំដង្ហែក្បួនឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លើកទី៣ នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

លោក សោម ស៊ុន បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះមូលដ្ឋានឃុំ ភូមិ រួមជាមួយគណបក្សឃុំ សាខាបក្សភូមិ ដែលបានយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតប្រចាំថ្ងៃនៅតាមភូមិនីមួយៗ ព្រមទាំងរៀបចំការដង្ហែក្បួនធំចំនួន២លើករួចមកហើយ ដោយទទួលបានជោគជ័យ ដោយមានការគាំទ្រស្វាគមន៍យ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ ចំពោះគណបក្សប្រជាជន។

លោកបានណែនាំនូវភារកិច្ចមួយចំនួនក្នុងការបន្តអនុវត្តតាមប្រតិទិននៃយុទ្ធនាការឃោសនាបោះឆ្នោតប្រចាំថ្ងៃនៅតាមភូមិនីមួយៗ និងត្រូវត្រៀមខ្លួន មធ្យោបាយធ្វើដំណើរ ព្រមទាំងកិច្ចការធានាផ្សេងៗសម្រាប់ចូលរួមក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ។

លោកបានអំពាវនាវដល់សមាជិកបក្ស និងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមមេត្តាអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញជូនប្រជាជនកម្ពុជា ព្រមទាំងបាននឹងកំពុងដំណើរការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ។

លោក សោម ស៊ុន បានដឹកនាំដង្ហែក្បួនយុទ្ធនាការឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជននៅតាមដងផ្លូវ ហើយត្រូវបានប្រជាជននៅនៅតាមមូលដ្ឋានភូមិនានានៅទូទាំងឃុំ អបអរសាទរស្វាគមន៍ ជូនពរ និងសូមឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះជាថ្មីម្តងទៀត ដើម្បីជូនសម្ដេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន នៅពេលអនាគតដើម្បីបាននឹងបន្តដឹកនាំនាវាកម្ពុជា ក្នុងសុខសន្តិភាព និងការអភិវឌ្ឍ

គួរបញ្ជាក់ថាពិធីដង្ហែក្បួនយុទ្ធនាការឃោសនារកសំឡេងឆ្នោតមានសមាជិកជាង ៤០០នាក់ ម៉ូតូ ១៥៥គ្រឿង រថយន្ដ ២៣គ្រឿង ឧបករណ៍បំពងសំឡេងចំនួន៥គ្រឿង៕