(កំពង់ធំ)៖ លោក សាយ គឹមឡម ប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកស្ទោង និងជាប្រធានក្រុមការងារចុះជួយឃុំកំពង់ចិនត្បូង បានដឹកនាំសមាជិក សមាជិកា អញ្ជើញឃោសនាស្វែងរកសំឡេងឆ្នោត ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត នៅក្នុងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ជុំទី៣ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងឱកាសនោះដែរ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបសូមអញ្ជើញចេញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត។
លោកបានណែនាំដល់សមាជិក សមាជិកាគ្រប់រូបត្រូវបន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ឋធ្វើជាសមាជិក ឬជាមនុស្សគំរូរបស់ប្រជាពលរដ្ឋត្រូវចេះរួមរស់សុខទុក្ខជាមួយគ្នា ចេះសាមគ្គីគ្នាក្នុងកិច្ចការមនុស្សធម៌ ការជួយដល់គ្រួសារក្រីក្រ ឬងាយរងហានិភ័យក៏ដូចជាទុក្ខលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋទៀតគ្រប់កាលៈទេសៈជាពិសេសនៅពេលដែលពួកគាត់ត្រូវការ និងជួបគ្រោះហានិភ័យផ្សេងៗជាដើម។
ប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកស្ទោង បានណែនាំដល់សមាជិក សមាជិកាគណបក្សប្រជាជនគ្រប់មូលដ្ឋាន ជាពិសេសនៅក្នុងភូមិសូមបន្តធ្វើការឃោសនាស្វែងរកសំឡេងឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ ទៅតាមខ្នងផ្ទះហើយគ្រប់សមាជិក សមាជិកាទាំងអស់ ត្រូវប្រាកដថាមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត មានឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណ ឬទៅធ្វើ ( ឯ.អ) គ្រប់គ្រាន់សម្រាប់បម្រើឱ្យការបោះឆ្នោត ចេះគូសសញ្ញាធិកនៅលើសន្លឹកឆ្នោតបានត្រឹមត្រូវក៏ដូចជាការជួយណែនាំបន្តដល់សមាជិកសមាជិកា ឬអ្នកដែលនៅជុំវិញខ្លួន ដើម្បីចេញទៅបោះឆ្នោតជូនជាអ្នកបក្សប្រជាជនកម្ពុជាជាមួយគ្នាផងដែរ។
លោកបានបញ្ជាក់បន្ថែមថា ការធ្វើឃោសនាបោះឆ្នោតក៏ដូចជាដង្ហែក្បួនឃោសនាបោះឆ្នោត និងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺមានន័យថាបោះឆ្នោតគាំទ្រសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ក៏ដូចជាការគាំទ្រនូវបេក្ខភាពបន្តវេន គឺលោកបណ្ឌិត ហ៊ុន ម៉ាណែក ផងដែរ។
គួរបញ្ជាក់ផងដែរថា នៅក្នុងក្បួនដង្ហែឃោសនាលើកទី៣ នៅព្រឹកនេះគឺមានឃោសនិកចូលរួមចំនួនជាង ៤០០នាក់ ដែលបានដង្ហែ និងអញ្ជើញមកពីក្នុងភូមិទាំង៧ ក្នុងឃុំកំពង់ចិនត្បូងទាំងមូល៕