(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រមាណ ២៨០នាក់ ក្នុងសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានក្រុមការងារពង្រឹងថ្នាក់សង្កាត់ ក្រុមការងារយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។
លោក វ៉ី សំណាង បានលើកឡើងថា ប្រជាពលរដ្ឋដែលបានឆ្លងកាត់របប ប៉ុល ពត ពិតជាទទួលបានការធ្វើទារុណកម្ម និងបង្អត់អាហារ កាប់សម្លាប់ឥតត្រាប្រណី ដោយសារតែការបែកបាក់សាមគ្គីភាពខ្មែរ និងខ្មែរ ជាក់ស្តែងមានតែថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាទេ ដែលលោកបានយកឈាមស្រស់ សាច់ស្រស់ទៅប្តូរយកជ័យជន្នះជូនជាតិ មាតុភូមិយើង ហើយក្នុងរយះពេលជាង៤០ឆ្នាំកន្លងមកនេះការដឹកនាំ របស់យើងដៃម្ខាងកាន់អាវុធការពារសន្តិភាព ឯដៃម្ខាងទៀតប្រឹងកសាងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋរហូតមកដល់សព្វថ្ងៃ។
ប្រធានបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ បានបន្តថា បើទោះបីបច្ចុប្បន្នកម្ពុជា មាននយោបាយប្រជាធិបតេយ្យសេរីពហុបក្សហើយក៏ដោយ នៅក៏មានបុគ្គលក្បត់ជាតិ៣ជំនាន់តែងនិយាយកុហក បង្ខូចកិត្តិយស មួលបង្កាច់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់រូបភាព ក្នុងនោះចង់បំផ្លាញសន្តិភាពដែលរកបានដោយលំបាក។
លោកបានបញ្ជាក់ថា សព្វថ្ងៃដោយសារតែមានសន្តិភាពពេញលេញ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស មានផ្លូវប្រព័ន្ធផ្លូវដឹកជញ្ជូនខ្វាត់ខ្វែង ដែលបែរជាធ្វើឱ្យខេត្តកំពង់ស្ពឺ ទៅជាខ្វះកម្លាំងពលកម្មប្រមាណរាប់ម៉ឺននាក់ សម្រាប់បម្រើការការងារទៅវិញ។ ជាមួយគ្នានេះដែរ ថៅកែរោងចក្រតែងកោតសសើរចំពោះបងប្អូន កូនក្មួយថាមិនចេះធ្វើបាតុកម្ម និងកូដកម្ម មិនងាយជឿការញុះញង់ពីមជ្ឈដ្ឋានខាងក្រៅ ទើបមានរោងចក្រជាច្រើនបង្ហាញគោលបំណងមកអភិវឌ្ឍន៍រោងចក្រ សហគ្រាថែមទៀតក្នុងខេត្តកំពង់ស្ពឺ។
ប្រធានបក្សខេត្តសង្កត់ធ្ងន់ថា សូមឱ្យសមាជិក សមាជិកា មេត្តាអញ្ជើញទៅចូលរួមបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ពីព្រោះសន្លឹកឆ្នោតរបស់គណបក្សប្រជាជន មានតម្លៃយ៉ាងខ្លាំងសម្រាប់ការដឹកនាំប្រទេសជាតិរបស់គណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា៕