(បាត់ដំបង)៖ អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់ និងជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សបជាជនកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ បុគ្គលិក​ សាស្ត្រាចារ្យ សមណនិស្សិត និងនិស្សិត ចំនួនជាង ៧៥០អង្គ/នាក់ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជាសាខាខេត្តបាត់ដំបង។

សកម្មភាពនេះ ត្រូវបានអមដំណើរដោយ លោក​ ផេង​ សុធី​ អភិបាលរងខេត្តបាត់ដំបង​,​ លោកឧកញ៉ាបណ្ឌិត​ ឡាច​ សំរោង​ សាកលវិទ្យាធិការ​ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI),​ លោកបណ្ឌិត​ ស៊ុំ​ ឈុំឡុង​,​ លោកបណ្ឌិតសភាចារ្យ​ ស៊ុំ​ ឈុំប៊ុន, លោកបណ្ឌិតសភាចារ្យ​ សោម​ សុមុនី​ និងវត្តមានចូលរួមពីគណៈគ្រប់គ្រងអង្គភាពមន្ទីរខេត្ត​ ជាច្រើនរូបទៀត។

ក្នុងឱកាសនោះដែរ អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត (លោកគ្រូមា) បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយសេចក្តីនឹករលឹកអំពី សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏កំពូល ជាទេវតារស់ និងសំខាន់បំផុតជា សម្តេចជាមហាវិរបុសរដ្ឋ​ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនចំពោះថ្នាក់ដឹកនាំបុគ្គលិកសាស្ត្រាចារ្យ សមណនិស្សិត និងនិស្សិតនៅសាកលវិទ្យាល័យន្ទ្រវិជ្ជា និងបានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង, សាស្រ្តាចារ្យ និងបុគ្គលិកសិក្សាទាំងអស់នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបានរួមចំណែក លើកកម្ពស់វិស័យអប់រំនៅកម្ពុជាជួយ ក្នុងកិច្ចការសង្គម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងចក្ខុវិស័យរួមសម្រាប់កម្ពុជា។ ទាំងក្នុងស្ថានភាពបច្ចុប្បន្ន និងតទៅអនាគត យុវជន គឺនៅតែជាកម្លាំងស្នូលក្នុងការចូលរួមកសាងប្រទេស។

លោកគ្រូមា បានរម្លឹកពីសមិទ្ធផលធំៗជាប្រវត្តិសាស្ត្ររបស់កម្ពុជាដែលសម្រេចបានក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ ជាពិសេសផ្តើមចេញពីសមិទ្ធផលជ័យជម្នះ​ ៧មករា​ ១៩៧៩ និងតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវការបង្រួបបង្រួមជាតិផ្សះផ្សារជាតិ និងបាននាំមកនូវសុខសន្តិភាពពេញលេញ រស់នៅក្រោមដំបូលសន្តិភាពតែមួយ រួមគ្នាអភិវឌ្ឍប្រទេសជាតិរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះរាជរដ្ឋាភិបាលក៏បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យអប់រំ និងវិស័យផ្សេងៗទៀតក្នុងទូទាំងប្រទេសមិនអាចនឹងគណនាបាន។

អ្នកឧកញ៉ាបណ្ឌិត បានជំរុញដល់សមណនិស្សិត និស្សិត ខិតខំរៀនសូត្រក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ល្អៗពីសាស្ត្រាចារ្យ​ និងវាគ្មិនជំនាញៗដើម្បីបណ្តុះនូវគុណវុឌ្ឍ ពង្រឹងសមត្ថភាព ព្រោះថានិស្សិតជាយុវជនមានតួនាទីត្រូវបន្តវេនរួមចំណែកអភិវឌ្ឍន៍សង្គមជាតិបន្តពីរៀមច្បង តាមរយៈការខិតខំប្រឹងប្រែងក្នុងការរៀនសូត្រលើកកម្ពស់ចំណេះដឹង សមត្ថភាព គុណធម៌ សីលធម៌ ចរិយាធម៌ និងត្រូវចេះស្គាល់គុណ ស្គាល់ទោស ស្គាល់ល្អអាក្រក់ និងគោរពដឹងគុណចំពោះប្រមុខថ្នាក់ដឹកនាំប្រទេស គោរពចាស់ព្រឹទ្ធិចារ្យដើម្បីជាគំរូដល់កូនចៅជំនាន់ក្រោយ  ឱ្យស័ក្តិសមជាប្រជាជាតិដែលមានអរិយធម៌ វប្បធម៌រុងរឿងត្រចះត្រចង់ ដូចក្នុងសម័យអង្គរនៃយើង។

អ្នកឧកញ៉ាបណ្ឌិត ក៏បានជំរុញដល់អង្គពិធីទាំងមូលសូមអញ្ជើញបោះឆ្នោតឲ្យបានគ្រប់គ្នា​ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ជុជា​ដែលមានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទី១៨ ដើម្បីគាំទ្រសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នាអាណត្តិទី៧ និង ប្តេជ្ញាចិត្តគាំទ្រលោកបណ្ឌិត​ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ដោយលោកមបណ្ឌិត ជាបញ្ញវ័ន្តដែលមានចំណេះដឹងយ៉ាងខ្ពងខ្ពស់លើផ្នែក យោធា សេដ្ឋកិច្ច និងនយោបាយ ដែលលោកសិក្សាមកពីបរទេស។

ផ្អែកតាមរបាយការណ៍របស់ សាស្ត្រាចារ្យ បណ្ឌិត ឡាច សំរោង សាកលវិទ្យាល័យឥន្រ្ទវិជ្ជា(UI) ជាសាកលវិទ្យាល័យមួយ ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា​ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨។ បច្ចុប្បន្ននេះ សាកលវិទ្យាល័យឥន្រ្ទវិជ្ជា(UI) មានចំនួន ៤ទីតាំងគឺទីតាំងគោលរាជធានីភ្នំពេញ សាខាខេត្តបាត់ដំបង សាខាខេត្តសៀមរាប និងសាខាខេត្តកំពត។ នាពេលខាងមុខនេះ សាកលវិទ្យាល័យនឹងត្រៀមរៀបចំបង្កើតនូវសាខាតាមខេត្តចំនួនពីរទីតាំងទៀត គឺនៅខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ។

ចំពោះទីតាំងគោលភ្នំពេញ នៅខែកក្កដា ឆ្នាំ២០២៣ សាកលវិទ្យាល័យនឹងធ្វើការផ្លាស់ប្តូរទៅទីតាំងថ្មី ដែលមានអគារកម្ពស់ ១០ជាន់ មានទីតាំងធំទូលាយ និងមានលក្ខណៈស្តង់ដារជាងទីតាំងបច្ចុប្បន្ន ដែលមានអាសយដ្ឋានស្ថិតនៅ សង្កាត់ទួលសង្កែរទី១ រាជធានីភ្នំពេញ៕